(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងនៅថ្ងៃចន្ទនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជំរុញឱ្យមានការបង្រ្កាបលើក្រុមមន្ត្រី ដែលរំលោភលើអំណាចរបស់ខ្លួន និងប្រព្រឹត្តអំពើ «មិនសមរម្យ និងមិនស្របតាមមាគ៌ាបដិវត្តន៍» ខណៈលោកកំពុងព្យាយាមស្វែងរកសាមគ្គីផ្ទៃក្នុងកាន់តែខ្លាំងឡើង ដើម្បីយកឈ្នះលើការឆ្លងរាតត្បាតជំងឺ COVID-19 និងវិបត្តិសេដ្ឋកិច្ច។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២។
គេមិនដឹងច្បាស់ទេថា សកម្មភាពជាក់លាក់ណាខ្លះត្រូវបានលើកឡើង នៅក្នុងកិច្ចប្រជុំគណបក្សពលករ ដែលជាបក្សកាន់អំណាចតែមួយគត់នៅកូរ៉េខាងជើង កាលពីថ្ងៃ អាទិត្យចុងសប្ដាហ៍កន្លងទៅនេះទេ។ ប៉ុន្តែ ការបង្រ្កាបរបស់រដ្ឋដែលអាចកើតមានឡើង អាចជាការប៉ុនប៉ងដើម្បីពង្រឹងការគ្រប់គ្រង និងអំណាចរបស់លោក គីម។
បើតាម KCNA លោក គីម និងលេខាធិការជាន់ខ្ពស់ផ្សេងទៀតរបស់គណបក្ស បានពិភាក្សាអំពី «ការតស៊ូកាន់តែខ្លាំងឡើងប្រឆាំងនឹងទង្វើដែលមិនសមរម្យ និងមិនស្របតាមមាគ៌ាបដិវត្តន៍ រួមទាំងការរំលោភបំពានលើអំណាច និងការិយាធិបតេយ្យដែលបានបញ្ចេញឱ្យឃើញក្នុងចំណោមក្រុមមន្ត្រីបក្សមួយចំនួន»។
លោក គីម បានបញ្ជាឱ្យអាជ្ញាធរនៃគណៈកម្មការសវនកម្មរបស់គណបក្ស និងប្រព័ន្ធត្រួតពិនិត្យវិន័យក្នុងស្រុកផ្សេងទៀត ពង្រឹងសមត្ថភាពដើម្បីលើកកម្ពស់ «ការដឹកនាំ និងសកម្មភាពនយោបាយដ៏ទូលំទូលាយរបស់គណបក្សតាមរយៈប្រព័ន្ធត្រួតពិនិត្យវិន័យដ៏រឹងមាំ»។
គួរបញ្ជាក់ថា កូរ៉េខាងជើង កាលពីទីថ្ងៃទី១២ ខែឧសភាកន្លងទៅនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ដំបូងគេបង្អស់ ក្រោយមកបានឱ្យថា មនុស្សប្រហែល ៤.៥លាននាក់ ឬច្រើនជាង ១៧%នៃប្រជាជនសរុបចំនួន ២៦លាននាក់បានចេញរោគសញ្ញាគ្រុនក្ដៅ ដែលក្នុងនោះមានមនុស្សចំនួន ៧២នាក់បានស្លាប់។
អ្នកជំនាញបរទេសមានការសង្ស័យថា វាគឺជាការផ្ទុះឡើងលើកទី១ របស់ប្រទេសនេះ ហើយពួកគេជឿថាស្ថិតិដែលត្រូវបានបង្ហាញនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ត្រូវបានរៀបចំ ដើម្បីការពារការខូចខាតផ្នែកនយោបាយរបស់លោក គីម ខណៈរូបលោកកំពុងព្យាយាមពង្រឹងការគ្រប់គ្រងផ្ទៃក្នុង និងការលើកកម្ពស់ការដឹកនាំរបស់លោក៕