(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត និងអ៉ីស្រាអែល នាពាក់កណ្តាលខែកក្កដាខាងមុខនេះ ហើយសេតវិមាន គ្រោងនឹងប្រកាសពីផែនការនៃដំណើរទស្សនកិច្ចនេះក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២។
ក្នុងដំណើរទស្សនកិច្ចខាងលើ លោក បៃដិន ត្រូវបានគេរំពឹងថានឹងជួបជាមួយរជ្ជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ីនសាល់ម៉ាន់ (Mohammed bin Salman)។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកម្នាក់ បានអះអាងថា ដំណើររបស់លោក បៃដិន ទៅកាន់អ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីត កំពុងស្ថិតក្រោម ផែនការគ្រោងទុក ជាមួយការប ញ្ជាក់បន្ថែមដូច្នេះថា «យើងមិនមានព័ត៌មានលម្អិតបន្ថែមអំពីការធ្វើដំណើរនេះទេ ប៉ុន្តែយើងនឹងធ្វើការប្រកាសពីផែនការនេះឲ្យ បានឆាប់តាមដែលអាចធ្វើបាន»។
គួរបញ្ជាក់ថា បើតាមសេតវិមាន ដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន នឹងមានគោលបំណងពង្រឹងទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីត ខណៈលោក បៃដិន កំពុងព្យាយាមរកវិធីសាស្រ្ត ដើម្បីបញ្ចុះតម្លៃប្រេងឥន្ធនៈ នៅសហរដ្ឋអាមេរិកផងដែរ៕