(កៀវ)៖ ក្រុមមន្រ្តីអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា ទាហានរុស្ស៉ីបានបំផ្ទុះបំផ្លាញស្ពានឆ្លងកាត់ទន្លេមួយដែលតភ្ជាប់ ទីក្រុងស៉ីវីយេរ៉ូដូណេត (Sievierodonetsk) ទៅកាន់ទីក្រុងមួយផ្សេងទៀត ដែលនេះស្មើនឹងការកាត់ផ្តាច់ផ្លូវជម្លៀសខ្លួនសម្រាប់ប្រជាជនស៉ីវិល។ នេះបើយោងតាម ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២។
ទីក្រុងស៉ីវីយេរ៉ូដូណេត បានក្លាយជាចំណុចកណ្តាលនៃការប្រយុទ្ធគ្នាដើម្បីគ្រប់គ្រងតំបន់ដុនបាស់ (Donbas) ភាគខាងកើតអ៊ុយក្រែន។ បើតាមអភិបាលតំបន់លូហាន់ (Luhansk) លោក សឺហ៉ី ហ្គៃដៃ (Serhiy Gaidai) រហូតមកដល់ថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ កងកម្លាំងអ៊ុយក្រែន និងរុស្ស៉ី នៅតែប្រយុទ្ធគ្នានៅតាមដងផ្លូវ ក្នុងទីក្រុងស៉ីវីយេរ៉ូដូណេត។ លោកបានបន្ថែមថា កងកម្លាំងរុស្ស៉ីដណ្តើមកាន់កាប់ទឹកដីភាគច្រើននៃទីក្រុងនេះ ប៉ុន្តែទាហានអ៊ុយក្រែននៅតែគ្រប់គ្រងតំបន់ឧស្សាហកម្ម និងរោងចក្រអាហ្សុត (Azot) ជាកន្លែងដែលជនស៉ីវិលប្រហែល ៥០០នាក់ ជ្រកកោននៅទីនោះ ហើយទាហានអ៊ុយក្រែនក៏កំពុងរកវិធីដើម្បីជម្លៀសពួកគេផងដែរ។
ប៉ុន្តែរុស្ស៉ី បានបំផ្លាញស្ពានឆ្លងកាត់ទន្លេសឺវឺសស្គី ដូណេត (Siverskyi Donets) ដែលតភ្ជាប់ទីក្រុងស៉ីវីយេរ៉ូដូណេត ជាមួយទីក្រុងលីស៉ីឆាន់ស៍ (Lysychansk) ដូច្នេះ មិនអាចជម្លៀសប្រជាជនស៉ីវិលតាមយានជំនិះបានទៀតទេ។
គួរបញ្ជាក់ថា បើតាមប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី, គោលដៅជាយុទ្ធសាស្រ្តរបស់រុស្ស៉ីមិនផ្លាស់ប្តូរទេ ហើយនៅពេលនេះកងទ័ពរុស្ស៉ី កំពុងសម្រុកវាយប្រហារទីក្រុងស៉ីវីយេរ៉ូដូណេត ដោយការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរកំពុងបន្តនៅទីនោះ ស្របពេលទាហានរុស្ស៉ី ព្យាយាមដាក់ពង្រាយកម្លាំងបម្រុង ទៅកាន់តំបន់ដុនបាស់៕