(ហែលស៉ិនគី)៖ អគ្គលេខាធិការអង្គការ NATO លោក ជេន ស្តូលធិនប៊ឺគ (Jens Stoltenberg) បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ក្នុងកំលុងពេលទស្សនកិច្ចនៅប្រទេសហ្វាំងឡង់ថា ការព្រួយបារម្ភផ្នែកសន្តិសុខរបស់តួកគី ប្រឆាំងនឹងការដាក់ពាក្យសុំចូលជាសមាជិក NATO របស់ហ្វាំងឡង់ និងស៊ុយអែត គឺជារឿងសមហេតុផល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២។
លោក Stoltenberg បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីហ្វាំងឡង់ លោក សៅលី នីនីស្តូ (Sauli Niinisto) ដូច្នេះថា «ទាំងនេះ គឺជាកង្វល់ស្របច្បាប់។ ពីព្រោះវាមានពាក់ព័ន្ធនឹងការបារម្ភអំពីអំពើភេរវកម្ម និងការនាំចេញអាវុធ ហើយយើងត្រូវតែចងចាំ និងយល់ថា គ្មានសម្ព័ន្ធមិត្ត NATO ណាមួយដែលទទួលរងការវាយប្រហារភេរវកម្មច្រើនជាងតួកគីនោះទេ»។
គួរបញ្ជាក់ថា ស៊ុយអែត និងហ្វាំងឡង់បានដាក់ពាក្យសុំចូលជាសមាជិក NATO កាលពីខែមុន ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន។ ប៉ុន្តែ ពួកគេបានប្រឈមមុខនឹងការប្រឆាំងពីតួកគី ដែលបានចោទប្រកាន់ប្រទេសទាំង២ថាបានគាំទ្រ និងផ្ដល់អាវុធព្រមទាំងជម្រកដល់ក្រុមសកម្មប្រយុទ្ធឃើដ និងក្រុម ផ្សេងទៀតដែលខ្លួនចាត់ទុកថាជាក្រុមភេរវករ៕