(ស្ដុកខុល)៖ វិទ្យាស្ថានសិក្សាស្រាវជ្រាវសន្តិភាពអន្តរជាតិ (SIPRI) នៅថ្ងៃចន្ទនេះ បាននិយាយថាឃ្លាំងអាវុធនុយក្លេអ៊ែរពិភពលោកត្រូវបានរំពឹងថាអាចនឹង កើនឡើង នៅប៉ុន្មានឆ្នាំខាងមុខទៀតនេះ ជាលើកដំបូង ចាប់តាំងពីសម័យសង្រ្គាមត្រជាក់មក ខណៈហានិភ័យនៃការប្រើប្រាស់អាវុធប្រល័យលោកនេះ កំពុងស្ថិតក្នុងកម្រិតខ្ពស់គួរឱ្យព្រួយបារម្ភ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ មិថុនា ឆ្នាំ២០២២។
នៅក្នុងរបាយការណ៍ស្រាវជ្រាវរបស់ខ្លួន វិទ្យាស្ថាន SIPRI មានមូលដ្ឋានក្នុងទីក្រុងស្ដុកខុល នៃប្រទេសស៊ុយអែត បានបញ្ជាក់ថាសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន និងការគាំទ្ររបស់លោកខាងលិចចំពោះទីក្រុងកៀវ បានបង្កឱ្យមានភាពតានតឹងនៅក្នុងចំណោមប្រទេសទាំង ៩ ដែលមានអាវុធនុយក្លេអ៊ែរ។ វិទ្យាស្ថាននេះ បានបន្ថែមថា ទោះបីជាចំនួនអាវុធនុយក្លេអ៊ែរបានធ្លាក់ចុះបន្តិចនៅចន្លោះពីខែមករា ឆ្នាំ២០២១ និងខែមករា ឆ្នាំ២០២២ក៏ដោយ ប៉ុន្តែបើមិនមានការចាត់វិធានការ ជាបន្ទាន់ពីសំណាក់បណ្ដាប្រទេសនុយក្លេអ៊ែរទេ នោះក្បាលគ្រាប់នុយក្លេអ៊ែរសកលលោកនឹងកើនឡើងយ៉ាងឆាប់រហ័សជាលើកដំបូង ក្នុងរយៈពេលជាច្រើន ទសវត្សរ៍មកនេះ។
គួរបញ្ជាក់ថា បើតាមវិទ្យាស្ថាន SIPRI រុស្ស៉ីគឺជាប្រទេសដែលមានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងគេបំផុតនៅលើពិភពលោក ដោយមាន ៥,៩៧៧គ្រាប់ ឬ ច្រើនជាងសហរដ្ឋអាមេរិក ៥៥០គ្រាប់។ ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរសកលបានធ្លាក់ចុះពី ១៣,០៨០គ្រាប់ក្នុងខែមករា ឆ្នាំ២០២១ មកនៅត្រឹម ១២,៧០៥គ្រាប់ ក្នុងខែមករា ឆ្នាំ២០២២នេះ ហើយក្បាលគ្រាប់នុយក្លេអ៊ែរ ៣,៧៣២គ្រាប់ ត្រូវបានបំពាក់លើមីស៊ីល និងយន្ដហោះចម្បាំងរួចជាស្រេច៕