(ប៉ាឡេស្ទីន)៖ ជនជាតិប៉ាឡេស្ទីនប្រហែល ១,២០០នាក់នៅភូមិ Masafer Yatta នៃតំបន់ West Bank ដែលត្រូវបានកាន់កាប់ដោយអ៊ីស្រាអែល ប្រឈមមុខនឹងការបណ្តេញចេញដោយបង្ខំ ដើម្បីបើកផ្លូវសម្រាប់ធ្វើតំបន់នេះជាតំបន់សម្រាប់ហ្វឹកហ្វាត់កងទ័ព បន្ទាប់ពីការតស៊ូផ្លូវច្បាប់អស់រយៈពេលជាច្រើនទសវត្សរ៍ដែលបានបញ្ចប់កាលពីខែមុន នៅក្នុងតុលាការកំពូលរបស់អ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០២២។
សេចក្តីសម្រេចនេះបានបើកផ្លូវ សម្រាប់ការផ្លាស់ទីលំនៅដ៏ធំបំផុតមួយ ចាប់តាំងពីអ៊ីស្រាអែលបានដណ្តើមកាន់កាប់ទឹកដីនៅក្នុងសង្គ្រាមមជ្ឈិមបូព៌ាឆ្នាំ១៩៦៧ ។ ប៉ុន្តែអ្នកស្រុកមិនព្រមចាកចេញទេ ដោយសង្ឃឹមថា ភាពធន់របស់ពួកគេ និងសម្ពាធអន្តរជាតិនឹងរារាំងអ៊ីស្រាអែលពីការអនុវត្តច្បាប់បណ្តេញចេញនេះ។
លោកស្រី Abu Sabha ជាអ្នកស្រុករស់នៅក្នុងភូមិ Al-Fakheit បាននិយាយថា «ពួកគេ(អ៊ីស្រាអែល) ចង់យកដីនេះពីយើង ដើម្បីសាងសង់លំនៅដ្ឋាន...យើងមិនចាកចេញទេ»។
នៅទសវត្សរ៍ឆ្នាំ១៩៨០ អ៊ីស្រាអែលបានប្រកាសតំបន់នេះ ជាតំបន់យោធាបិទជិតដែលគេស្គាល់ថាជា «តំបន់បាញ់៩១៨» ដោយបានអះអាងថា ដី ៣,០០០ហិកតាតាមបណ្តោយព្រំដែនអ៊ីស្រាអែល-West Bank គឺ «មានសារៈសំខាន់ខ្លាំងណាស់» សម្រាប់គោលបំណងហ្វឹកហ្វាតកងទ័ព ហើយថាប្រជាជនប៉ាឡេស្ទីនដែលរស់នៅទីនោះ មិនមែនជាអ្នករស់នៅជាប់លាប់នោះទេ ពោលគឺជាអ្នករស់នៅតាមរដូវប៉ុណ្ណោះ៕