អ៉ីរ៉ង់និងវេណេស៊ុយអេឡា ចុះកិច្ចព្រមព្រៀងស្តីពីផែនការកិច្ចសហប្រតិបត្តិការ សម្រាប់រយៈពេល២០ឆ្នាំ ចំពោះមុខទណ្ឌកម្មអាមេរិក (Video inside)
12-06-2022 16:41
(តេហេរ៉ង់)៖ អ៉ីរ៉ង់និងវេណេស៊ុយអេឡា ដែលសុទ្ធតែកំពុងទទួលរងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដូចគ្នា កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ទើបតែបានចុះកិច្ចព្រមព្រៀងស្តីពី ផែនការកិច្ចសហប្រតិបត្តិការសម្រាប់រយៈពេល២០ឆ្នាំ ដោយមេដឹកនាំកំពូលរបស់អ៉ីរ៉ង់បាននិយាយថា សម្ព័ន្ធមិត្តទាំងពីរនឹងបន្តអត់ធន់នឹងការដាក់សម្ពាធ ពីសំណាក់ទីក្រុងវ៉ាស៉ីនតោន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០២២។
ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងខាងលើ ត្រូវបានធ្វើឡើង ក្រោមវត្តមានរបស់ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉ៃស៉ី (Ebrahim Raisi) និងប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) ហើយប្រព្រឹត្តទៅនៅឯវិមាន សាអាដាបាដ (Saadabad) ភាគខាងជើងរដ្ឋធានីតេហេរ៉ង់ នៃប្រទេសអ៉ីរ៉ង់។ ផែនការនោះ រួមមានកិច្ចសហប្រតិបត្តិការ ក្នុងវិស័យប្រេង, ការពារជាតិ, កសិកម្ម, វប្បធម៌ និងទេសចរណ៍ ជាដើម។
ក្នុងជំនួបជាមួយលោក ម៉ាឌូរ៉ូ មេដឹកនាំកំពូលអ៉ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមេណី (Ayatollah Ali Khamenei) បានសន្យាថា អ៉ីរ៉ង់នឹងបន្តផ្តល់ការគាំទ្រដល់វេណេស៊ុយអេឡា នៅចំពោះមុខការដាក់សម្ពាធរបស់អាមេរិក។ បើតាមលោក Khamenei បទពិសោធន៍ជោគជ័យនៃប្រទេសទាំងពីរ បានបង្ហាញថា ភាពអំណត់អត់ធន់ គឺជាមធ្យោបាយតែមួយគត់ ដើម្បីទប់ទល់នឹងការដាក់សម្ពាធទាំងនេះ។
គួរបញ្ជាក់ថា លោកប្រធានាធិបតីវេណេស៊ុយអេឡា បានធ្វើដំណើរទៅដល់ទីក្រុងតេហេរ៉ង់ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ជាមួយប្រតិបត្តិភូជាន់ខ្ពស់ផ្នែកនយោបាយនិងសេដ្ឋកិច្ច ក្រោយបញ្ចប់ទស្សនកិច្ចនៅតួកគី និងអាល់ហ្សេរី៕