Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីការទូតជាន់ខ្ពស់អាមេរិក ណែនាំឱ្យយោធាមីយ៉ាន់ម៉ាស្តារប្រជាធិបតេយ្យឡើងវិញ ព្រោះទំនងមិនអាចយកឈ្នះក្រុមឧទ្ទាមបានទេ (Video inside)

12-06-2022 15:45

(បាងកក)៖ មន្រ្តីការទូតជាន់ខ្ពស់ម្នាក់របស់សហរដ្ឋអាមេរិក បាននិយាយថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ទំនងជាមិនអាចយកឈ្នះលើ ក្រុមឧទ្ទាមដែលកំពុងប្រយុទ្ធតស៊ូប្រឆាំងនឹង របបរបស់ខ្លួនបានឡើយ ដូច្នេះហើយគួរតែពិចារណា ស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ បន្ទាប់ពីការដណ្តើមអំណាច តាមរយៈរដ្ឋប្រហារកាលពីឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០២២។

លោក ដេរិក ឆូលឡេត (Derek Chollet) ដែលជាទីប្រឹក្សាក្រសួងការបរទេសអាមេរិក បានលើកឡើងយ៉ាងដូច្នេះថា «សព្វថ្ងៃនេះ វាពិបាកនឹងយល់ណាស់ថា តើពួកគេអាចគិតដោយជាក់ស្តែងបានដូចម្តេច ថាពួកគេអាចទទួលជ័យជម្នះ។ ពួកគេកំពុងបាត់បង់ទឹកដី ហើយកម្លាំងយោធារបស់ពួកគេ ក៏កំពុងទទួលរងការខាតបង់ធ្ងន់ធ្ងរផងដែរ»។

ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅទីក្រុងបាងកក កាលពីថ្ងៃសុក្រសប្តាហ៍នេះ កំលុងទស្សនកិច្ចនៅប្រទេសថៃ លោក Chollet បានបន្ថែមថា រដ្ឋាភិបាលយោធានៅមីយ៉ាន់ម៉ា កំពុងស្ថិតក្នុងភាពឯកោតែឯង មិនត្រឹមតែនៅលើឆាកអន្តរជាតិប៉ុណ្ណោះ គឺនៅក្នុងប្រទេសផ្ទាល់ក៏យ៉ាងដូច្នោះដែរ ហេតុនេះគួរតែបិទបញ្ចប់ ការប្រយុទ្ធបង្ហូរឈាមគ្នា ហើយវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យដូចមុនវិញ។

គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារផ្តួលរំលំ រដ្ឋាភិបាលស៉ីវិលរបស់លោកស្រី អោង សាន ស៊ូជី កាលខែកុម្ភៈ ឆ្នាំ២០២១ ហើយចាប់តាំងពីពេលនោះមក បានប្រើកម្លាំងឥតញញើតដៃ និងការចាប់ខ្លួនទ្រង់ទ្រាយធំ ដើម្បីព្យាយាមបង្រ្កាបចលនាបាតុកម្ម។ រីឯជនស៉ីវិលក៏បាននាំគ្នាកាន់កាំភ្លើង ដើម្បីប្រឆាំងតទល់ជាមួយប៉ូលិស និងទាហានផងដែរ បន្ទាប់ពីសម្ព័ន្ធនៃក្រុមប្រដាប់អាវុធនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានអំពាវនាវឱ្យការធ្វើបដិវត្តន៍របស់ប្រជាជន៕