(សិង្ហបុរី)៖ នៅថ្ងៃអាទិត្យនេះ រដ្ឋមន្រ្តីការពារជាតិចិន លោក វ៉ី ហ្វេងហ៉ី (Wei Fenghe) បានប្រកាសថា ចិននឹងប្រយុទ្ធតតាំងឱ្យដល់ទីបញ្ចប់ ដើម្បីរារាំងតៃវ៉ាន់ មិនឱ្យប្រកាសឯករាជ្យ បន្ទាប់ពីលោកបានប្រាប់អាមេរិកថា ទីក្រុងប៉េកាំងមិនស្ទាក់ស្ទើរបន្តិចឡើយ ក្នុងការធ្វើសង្រ្គាមដើម្បីដែនកោះនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០២២។
ក្នុងការថ្លែងសុន្ទរកថា កំលុងកិច្ចប្រជុំកំពូលសន្តិសុខ សាងគ្រីឡា (Shangri-La) នៅឯប្រទេសសិង្ហបុរី កាលពីថ្ងៃសៅរ៍ម្សិលមិញ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បានចោទទីក្រុងប៉េកាំងថាកំពុងបង្កអស្ថិរភាព តាមរយៈសកម្មភាពយោធា នៅក្បែរកោះតៃវ៉ាន់។
ដោយឡែកនៅថ្ងៃអាទិត្យនេះ កំលុងព្រឹត្តិការណ៍ដដែល លោក Wei បានវាយបកតបតទៅវិញ ដោយលើកឡើងថា ទីក្រុងប៉េកាំងមិនមានជម្រើសអ្វីក្រៅពីតស៊ូប្រយុទ្ធនោះឡើយ ប្រសិនបើមានការប៉ុនប៉ងបំបែកតៃវ៉ាន់ចេញពីចិន។ តៃវ៉ាន់ត្រូវចិនចាត់ទុកត្រឹមជាខេត្តមួយប៉ុណ្ណោះរបស់ខ្លួន ដែលកំពុងទន្ទឹងរង់ចាំការមករួបរួមគ្នាវិញ។
លោក Wei បានសង្កត់ធ្ងន់ដូច្នេះថា «យើងនឹងប្រយុទ្ធ ទោះត្រូវលះបង់តម្លៃប៉ុនណាក៏ដោយ ហើយយើងនឹងប្រយុទ្ធឱ្យដល់ទីបញ្ចប់។ គ្រប់គ្នាមិនគួរមើលស្រាលចំពោះ ការប្តេជ្ញាចិត្តនិងសមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធចិនដាច់ខាត ក្នុងការរក្សាការពារបូរណភាពទឹកដីរបស់ខ្លួន។ ចំណែកជនដែលចង់ទាមទារឯករាជ្យឱ្យតៃវ៉ាន់ ក្នុងគោលបំណងបំបែកប្រទេសចិននោះ ច្បាស់ជាមិនអាចជួបជោគវាសនាល្អឡើយ»។
គួរបញ្ជាក់ថា នាឱកាសចូលរួមកិច្ចប្រជុំ Shangri-La នៅសិង្ហបុរី រដ្ឋមន្រ្តីការពារជាតិចិន-អាមេរិក បានជួបពិភាក្សាទល់មុខគ្នាជាលើកដំបូង កាលពីថ្ងៃសុក្រសប្តាហ៍នេះ គិតចាប់តាំងពីលោក ចូ បៃដិន ឡើងកាន់អំណាច នៅចំពោះមុខភាពតានតឹង នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ កំលុងជំនួបនោះ លោក Wei បានប្រាប់លោក Austin ថា ចិនមិនរារែកចិត្តឡើយ ក្នុងការធ្វើសង្រ្គាម ប្រសិនបើតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ ឬក៏មានជនទី៣ណាមួយ មកបំបែកតៃវ៉ាន់ចេញពីចិន៕