(សិង្ហបុរី)៖ រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោក លី ចុងស៊ូព (Lee Jong-sup) នៅថ្ងៃអាទិត្យនេះ បានថ្លែងថា ប្រទេសរបស់លោកនឹង ពង្រឹងសមត្ថភាពវិស័យការពារជាតិរបស់ខ្លួនឱ្យបានខ្លាំងក្លា ហើយធ្វើការឱ្យកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកនិងជប៉ុន ដើម្បីប្រឆាំងទប់ទល់នឹងការគំរាមកំហែង នៃមីស៉ីលនិងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នា២០២២។
ថ្លែងកំលុងកិច្ចប្រជុំសន្តិសុខសាងគ្រីឡាំង (Shangri-La) នៅសិង្ហបុរី លោក Lee បានលើកឡើងថា ស្ថានការណ៍នៅឧបទ្វីប គឺកំពុងបង្កការគំរាមកំហែងជាសកល ហើយលោកទទូចឱ្យកូរ៉េខាងជើង បញ្ឈប់ជាបន្ទាន់នូវកម្មវិធីអភិវឌ្ឍមីស៉ីល និងអាវុធនុយក្លេអ៊ែររបស់ខ្លួន។
លោកប្រមុខការពារជាតិកូរ៉េខាងត្បូង បានលើកឡើងយ៉ាងដូច្នេះថា «រដ្ឋាភិបាលយើង នឹងពង្រឹងសមត្ថភាពការពារជាតិ ហើយបន្ថែមពីនេះ យើងនឹងព្យាយាមបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគី រវាងកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ដើម្បីទប់ទល់និងឆ្លើយតប ចំពោះការគំរាមកំហែងនៃមីស៉ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង»។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២២នេះ កូរ៉េខាងជើងបានធ្វើតេស្តអាវុធយ៉ាងហោច ១៨លើកហើយ ដែលជាការស្តែងឱ្យឃើញពីភាពរីកចម្រើន នៃមីស៉ីលនិងអាវុធនុយក្លេអ៊ែររបស់ប្រទេសឯកោមួយនេះ។ ចំណែក សហរដ្ឋអាមេរិកក៏បានអះអាងជាដដែលៗផងដែរថា ទីក្រុងព្យុងយ៉ាង កំពុងត្រៀមលក្ខណៈ ដើម្បីធ្វើតេស្តបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរជាលើកទី៧ ហើយបានព្រមានថា នឹងជំរុញជាថ្មីម្តងទៀត ឱ្យមានការដាក់ទណ្ឌកម្មពី UN ប្រសិនបើវាកើតឡើងមែននោះ៕