(កៀវ)៖ ប្រធានសហភាពគណកម្មការសហភាពអឺរុប លោកស្រី អួស៊ូឡា វ៉ុនឌែរ ឡេយិន (Ursula von der Leyen) បានបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន នៅថ្ងៃសៅរ៍នេះ ដើម្បីពិភាក្សាជាមួយ លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) ជុំសមាជិកភាពរបស់អ៊ុយក្រែន ក្នុងសហភាពអឺរុប (EU)។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០២២។
លោកស្រី ឡេយិន បានប្រាប់ក្រុមអ្នកយកព័ត៌មាន យ៉ាងដូច្នេះថា «កិច្ចពិភាក្សាផ្តោតលើការវាយតម្លៃរបស់យើង អំពីការត្រៀមខ្លួនរបស់អ៊ុយក្រែន ដែលត្រូវបានចាត់ទុកជាបេក្ខភាពប្រទេសសមាជិករបស់ EU និងការធ្វើកំណែទម្រង់ណាមួយប្រសិនបើត្រូវការ»។ លោកស្រីបន្ថែមថា «ការវាយតម្លៃស្តីពីសមាជិកភាពនេះ នឹងត្រូវបង្ហាញ ក្នុងពេលឆាប់ៗខាងមុខនេះ»។
គួរបញ្ជាក់ថា គណៈកម្មការ និងក្រុមមន្រ្តីរបស់សហភាពអឺរ៉ុបរំពឹងថា នឹងជួបប្រជុំពិភាក្សាអំពីការស្នើសុំចូលជាសមាជិកសហភាពអឺរ៉ុប របស់អ៊ុយក្រែន នៅសប្តាហ៍ក្រោយនេះ មុនពេលចាប់ផ្តើមកិច្ចប្រជុំកំពូលរបស់ខ្លួន នៅថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២៕