(វ៉ាស៉ីនតោន)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងលុបចោលលក្ខខណ្ឌធ្វើតេស្តរកកូវី ១៩ ចំពោះអ្នកដំណើរចូលក្នុងប្រទេស តាមច្រកអាកាសយានដ្ឋានអន្តរជាតិ ចាប់ពីថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០២២ ក្រោយពីមានការបញ្ចុះបញ្ចូលយ៉ាងខ្លាំង ពីសំណាក់ក្រុមហ៊ុនអាកាសចរណ៍ និង ឧស្សាហកម្មធ្វើដំណើរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០២២។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) បានប្រកាសថា នឹងលែងត្រូវការលិខិតបញ្ជាក់ពីការធ្វើតេស្តអវិជ្ជមានកូវីដ ១៩ មុនពេលចេញដំណើរ សម្រាប់អ្នកធ្វើដំណើរមកសហរដ្ឋអាមេរិកទៀតហើយ បន្ទាប់ពីមានការកំណត់ផ្នែកវិទ្យាសាស្ត្រ និងទិន្នន័យថា តម្រូវការនេះលែងមានភាពចាំបាច់។
គួរបញ្ជាក់ថា ចាប់តាំងពីខែធ្នូមក CDC បានតម្រូវឲ្យអ្នកដំណើរទាំងអស់មានលិខិតបញ្ជាក់សុខភាពពីកាធ្វើតេស្តអវិជ្ជមានកូវី ១៩ ក្នុងរយៈពេល១ថ្ងៃមុនហោះហើរទៅកាន់សហរដ្ឋអាមេរិក ប៉ុន្តែមិនតម្រូវឲ្យមានការធ្វើតេស្តសម្រាប់អ្នកឆ្លងកាត់ព្រំដែនគោកនោះទេ៕