(ប៉េកាំង)៖ កាលពីថ្ងៃទី១០ ខែមិថុនា ក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកធ្វើសន្និសីទសារព័ត៌មាន ក្រោមប្រធានបទ «ប្រទេសចិនក្នុងរយៈពេល ១០ឆ្នាំ» ដើម្បីធ្វើបទបង្ហាញពីសមិទ្ធផលជាប្រវត្តិសាស្ត្រនៃវិស័យគមនាគមន៍ និងដឹកជញ្ជូន របស់ចិនចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក។
ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍សំខាន់ៗមួយចំនួនបានបញ្ចប់ការសាងសង់ និងដាក់ឱ្យដំណើរការ ដែល ធានាដល់ដំណើរការរបស់សេដ្ឋកិច្ចចិនប្រកបដោយស្ថិរភាព និងធ្វើឱ្យមធ្យោបាយធ្វើដំណើររបស់ប្រជាជនកាន់តែសម្បូរបែប។
តាមការឧទ្ទេសនាមរបស់អ្នកទទួលខុសត្រូវពាក់ព័ន្ធឱ្យដឹងថា ចាប់ពីឆ្នាំ២០១២ ដល់ចុងឆ្នាំ២០២១ ចម្ងាយផ្លូវដែក និងផ្លូវជាតិរបស់ប្រទេសចិន បានកើនឡើងប្រមាណ ១ លាន ១ សែនគីឡូម៉ែត្រ ដែលស្មើនឹងការវិលជុំវិញផែនដី ២៧ជុំកន្លះ។ អត្រាគ្របដណ្តប់នៃផ្លូវរថភ្លើងល្បឿនលឿន និងផ្លូវល្បឿនលឿននៅក្នុងទីក្រុងដែលមានប្រជាជនច្រើនជាង ២សែននាក់ មានលើសពី ៩៥ %។ ពោលគឺ ក្នុងរយៈពេល ១០ឆ្នាំកន្លងមក សមត្ថភាពគាំទ្រជាយុទ្ធសាស្ត្រផ្នែកគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសចិនត្រូវបានបង្កើនជាបន្តបន្ទាប់៕