(តៃប៉ិ)៖ កោះតៃវ៉ាន់ នៅថ្ងៃសៅរ៍នេះបានប្រកាសថា ខ្លួននឹងកាត់បន្ថយរយៈពេលនៃការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរ ពីរយៈពេល ៧ថ្ងៃ មកត្រឹមរយៈពេល ៣ថ្ងៃ ដែលនេះជាការបន្ធូរបន្ថយចុងក្រោយបំផុត នៃការព្យាយាមរៀនរស់នៅជាមួយជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០២២។
មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងកោះតៃវ៉ាន់ បានគូសបញ្ជាក់ថា ការបន្ធូរបន្ធយខាងលើនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃពុធសប្ដាហ៍ ក្រោយនេះតទៅ។ មជ្ឈមណ្ឌលនេះបានបន្ថែមថា បន្ទាប់ពីរួចផុតពីការធ្វើចត្តាឡីស័ក អ្នកដំណើរដែលមកដល់តៃវ៉ាន់ នឹងត្រូវបន្តតាមដាន សុខភាពរយៈពេល ៤ថ្ងៃបន្ថែមទៀត ដោយចៀសវាងការចេញទៅក្រៅ ប្រសិនបើអាចធ្វើទៅបាន។
ទោះជាយ៉ាងណា អ្នកដំណើរ នឹងនៅតែតម្រូវឱ្យធ្វើតេស្ត PCR រកជំងឺ COVID-19 ជាមួយលទ្ធផលអវិជ្ជមាន មុនពេលចេញដំណើរដដែល។
គួរបញ្ជាក់ថា ការបន្ធូរបន្ធយខាងលើនេះ ត្រូវបានធ្វើឡើង «ដោយពិចារណាលើស្ថានភាពជំងឺឆ្លងរាតត្បាតក្នុងស្រុក និងក្រៅស្រុក ក៏ដូចជា សមត្ថភាពក្នុងការទប់ស្កាត់ការឆ្លងរាតត្បាត និងការផ្ដល់ធនធានវេជ្ជសាស្ត្រ និងដើម្បីលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច និងសង្គម និងរូបិយប័ណ្ណអន្តរជាតិជាចាំបាច់»។
នាពេលបច្ចុប្បន្ននេះ កោះតៃវ៉ាន់តម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល ៧ថ្ងៃសម្រាប់ការមកដល់ទាំងអស់។ រយៈពេលនេះត្រូវ បានកាត់បន្ថយពីរយៈពេល ១០ថ្ងៃ កាលពីខែមុន៕