(សិង្ហបុរី)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាលទ្ធផលនៃសង្រ្គាមនៅក្នុងប្រទេសរបស់លោក មិនត្រឹមតែបង្កផលប៉ះពាល់ដល់អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានជាប់ពាក់ព័ន្ធនឹងអនាគតសណ្ដាប់ធ្នាប់អន្តរជាតិផងដែរ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០២២។
លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសុន្ទរកថាវីដេអូមួយ ទៅកាន់កិច្ចប្រជុំកំពូលសន្តិសុខអាស៊ី (Shangri-La) នៅក្នុង ប្រទេសសិង្ហបុរី ពីចម្ងាយនៅថ្ងៃសៅរ៍នេះ។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំពិតជាអរគុណ ខ្លាំងចំពោះការគាំទ្ររបស់អ្នកទាំងអស់គ្នា...ប៉ុន្តែការគាំទ្រនេះមិនមែនត្រឹមតែសម្រាប់អ៊ុយក្រែនប៉ុណ្ណោះទេ តែក៏សម្រាប់អ្នកទាំងអស់គ្នា ផងដែរ។ ពីព្រោះសង្រ្គាមនៅអ៊ុយក្រែន គឺមានជាប់ពាក់ព័ន្ធនឹងសណ្ដាប់ធ្នាប់អន្តរជាតិទាំងមូល»។
គួរបញ្ជាក់ថា បើតាមលោក ហ្សេលេនស្គី រុស្ស៉ីកំពុងបិទខ្ទប់កំពង់ផែជាច្រើន នៅក្នុងតំបន់សមុទ្រខ្មៅ និងសមុទ្រអាហ្សូវ ដើម្បីរារាំងការ នាំចេញរបស់អ៊ុយក្រែន ទៅកាន់ទីផ្សារពិភពលោក ដែលនេះបាននិងកំពុងធ្វើឱ្យប៉ះពាល់ដល់ពិភពលោក៕