(ឡុងដ៍)៖ ក្រសួងការបរទេសរុស្ស៉ី នៅថ្ងៃសៅរ៍នេះ បាននិយាយថាការឆ្លើយតបរបស់ទីក្រុងមូស្គូ ទៅនឹងការបង្កើនកងទ័ព NATO នៅលើ ទឹកដីប៉ូឡូញ នឹងមានភាពសមាមាត្រ ខណៈសង្រ្គាមនៅក្នុងតំបន់ដុនបាស់ ភាគខាងកើតប្រទេសអ៊ុយក្រែនកាន់តែក្ដៅគគុក។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០២២។
ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើការស្រង់សម្ដីរបស់មន្ត្រីការទូតរុស្ស៉ីម្នាក់ គឺលោក អូឡិច ទីយ៉ាបគីន (Oleg Tyapkin) ជាប្រធាននាយកដ្ឋានទទួលបន្ទុកកិច្ចការទំនាក់ទំនងរវាងរុស្ស៉ី និងអឺរ៉ុប នៃក្រសួងការបរទេសរុស្ស៉ី និងដែល បានធ្វើការកត់សម្គាល់បែបនេះប្រាប់ទីភ្នាក់ងារសារព័ត៌មាន Interfax។
លោក អូឡិច បានលើកឡើងដូច្នេះថា «ការឆ្លើយតបណាមួយ នឹងត្រូវធ្វើឡើងយ៉ាងសមាមាត្រ និងត្រឹមត្រូវ ក្នុងគោលបំណងលុបបំបាត់ ការគំរាមកំហែងមកលើសន្តិសុខរបស់រុស្ស៉ី»។ ប៉ុន្តែ ព្រមពេលជាមួយគ្នា លោក អូឡិច មិនបានបញ្ជាក់នោះទេថាតើអ្វីទៅជាការឆ្លើយតប របស់ទីក្រុងមូស្គូ៕