(ប៉ារីស)៖ បារាំង មិនមានបំណងផ្ដល់សម្បទានណាមួយឱ្យរុស្ស៉ីឡើយ ហើយចង់ឱ្យអ៊ុយក្រែនទទួលបានជ័យជម្នះនៅក្នុងសង្រ្គាមប្រឆាំងនឹង ការឈ្លានពានពីសំណាក់កងទ័ពរុស្ស៉ី ដើម្បីអាចស្ដារបូរណភាពទឹកដីរបស់ខ្លួនឡើងវិញ។ នេះបើតាមមន្ត្រីម្នាក់មកពីវិមានប្រធានាធិបតីបារាំង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០២២។
ការលើកឡើងរបស់មន្ត្រីមកពីវិមានប្រធានាធិបតីបារាំងខាងលើ ធ្វើឡើងនៅចំពេលលោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង កំពុងប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីអ៊ុយក្រែន និងសម្ព័ន្ធមិត្តមួយចំនួនរបស់ខ្លួន ជុំវិញគោលជំហររបស់លោក បន្ទាប់ពីលោក ម៉ាក្រុង ផ្ទាល់និយាយថាគេមិនគួរធ្វើឱ្យរុស្ស៉ីបាក់មុខខ្លាំងពេកនោះទេ ព្រោះថាវាអាចនឹងបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយការទូត បញ្ចប់សង្រ្គាមសព្វថ្ងៃ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ និងជាការឆ្លើយតបទៅនឹងសំណួរការអត្ថាធិប្បាយរបស់លោក ម៉ាក្រុងដែលគេមិន គួរធ្វើឱ្យរុស្ស៉ីបាក់មុខ មន្ត្រីបារាំងដដែលបានគូសបញ្ជាក់ដូច្នេះថា «ដូចដែលលោកប្រធានាធិបតី (ម៉ាក្រុង) បាននិយាយកន្លងមក យើងចង់ឱ្យ អ៊ុយក្រែនទទួលបានជ័យជម្នះ។ យើងចង់ឱ្យអ៊ុយក្រែនស្ដារបូរណភាពទឹកដីរបស់ខ្លួនឡើងវិញ...ហើយការលើកឡើងរបស់លោកប្រធានាធិបតី មិនមែនមានន័យថាជាបំណងផ្ដល់សម្បទានណាមួយឱ្យរុស្ស៉ី ឬលោក ពូទីននោះទេ»។
គួរបញ្ជាក់ថា មកទល់នឹងពេលនេះ, លោក ម៉ាក្រុង មិនទាន់បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកៀវ ដើម្បីបង្ហាញការគាំទ្រ និងសាមគ្គីភាព ជាមួយអ៊ុយក្រែន ដូចបណ្ដាមេដឹកនាំអឺរ៉ុបដទៃ និងលោក ហ្សេលេនស្គី ចង់បាននៅឡើយទេ។ ប៉ុន្តែ លោក ម៉ាក្រុងផ្ទាល់ក៏មិនបានច្រានចោល ការធ្វើដំណើរទៅកាន់ទីក្រុងកៀវនោះដែរ៕