(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃសៅរ៍នេះ បានប្រកាសតែងតាំងអ្នកចរចានុយក្លេអ៊ែរដ៏សំខាន់ម្នាក់ គឺលោកស្រី ឆូ សុនហ៊ុយ (Choe Son Hui) ជារដ្ឋមន្ត្រីការបរទេសថ្មីរបស់ខ្លួន បន្ទាប់ពីប្រទេសនេះបានបិទបញ្ចប់កិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េ (WPK) ដឹកនាំដោយមេដឹកនាំកូរ៉េខាជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃសុក្រសប្ដាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០២២។
បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA, លោក គីម បានបង្ហាញពីគោលដៅ ក្នុងការបង្កើនឥទ្ធិពលយោធារបស់កូរ៉េខាងជើង និងការស្រាវជ្រាវផ្នែកការពារជាតិ ដើម្បីការពារសិទ្ធិអធិបតេយ្យភាពរបស់កូរ៉េខាងជើង ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។
លោក គីម ត្រូវបានដកស្រង់សម្តីដោយ KCNA ដូច្នេះថា «សិទ្ធិការពារខ្លួនឯង គឺជាបញ្ហានៃការការពារអធិបតេយ្យភាព ដោយបញ្ជាក់ជាថ្មី ម្តងទៀតនូវគោលការណ៍តស៊ូ ដែលមិនអាចផ្លាស់ប្តូរបានរបស់គណបក្ស និងការប្រកួតប្រជែងដោយផ្ទាល់»។
គួរបញ្ជាក់ថា ការតែងតាំងនេះ ធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិកបានព្រមានថា កូរ៉េខាងជើងអាចនឹងធ្វើតេស្តអាវុធនុយក្លេអ៊ែរ លើកទី៧ គ្រប់ពេលវេលា ហើយថានឹងជំរុញម្តងទៀតនូវការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ប្រសិនបើការធ្វើតេស្ដនេះកើតឡើង មែននោះ៕