(COPENHAGEN)៖ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលលទ្ធិប្រជាធិបតេយ្យនៅទីក្រុង Copenhagen នៅថ្ងៃសុក្រនេះ អអគ្គលេខាធិការរងរបស់អង្គការ NATO បាននិយាយថា លោកមិនបានឃើញការគំរាមកំហែងខាងយោធាភ្លាមៗចំពោះស៊ុយអែត និងហ្វាំងឡង់ពីសំណាក់រុស្ស៊ីទេ ដោយបង្ហាញទំនុកចិត្តថា ប្រទេសទាំងពីរក៏នឹងអាចចូលជាសមាជិកណាតូផងដែរ បើទោះបីជាមានការជំទាស់ពីប្រទេសតួកគីក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០២២។
ប្រទេសហ្វាំងឡង់ និងស៊ុយអែតបានដាក់ពាក្យចូលជាអង្គការ NATO កាលពីខែមុន ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ប៉ុន្តែត្រូវប្រឈមមុខនឹងការប្រឆាំងពីប្រទេសតូកគីដែលចោទប្រកាន់ពួកគេថា បានគាំទ្រ និងផ្តល់អាវុធដល់ពួកសកម្មប្រយុទ្ធឃឺដ និងក្រុមផ្សេងទៀតដែលខ្លួនចាត់ទុកថាជាភេរវករ។
អគ្គលេខាធិការរង NATO លោក Mircea Jiwana បាននិយាយថា «យើងមានទំនុកចិត្តថាស៊ុយអែត និងហ្វាំងឡង់នឹងចូលរួមជាមួយយើង (សម្ព័ន្ធណាតូ)។ លោកបានបន្ថែមថា «ប្រទេសសម្ព័ន្ធមិត្តមានការព្រួយបារម្ភ។ ហើយការព្រួយបារម្ភរបស់តួកគីនៅពេលនិយាយអំពីភេរវករក៏ជារឿងស្របច្បាប់ដែរ»។
ប្រទេសស៊ុយអែត និងហ្វាំងឡង់ បាននិយាយថា ពួកគេថ្កោលទោសអំពើភេរវកម្ម ហើយបើកចំហសម្រាប់ការសន្ទនា។
នៅពេលសួរអំពីការធានាសន្តិសុខដែលផ្តល់ដល់ស៊ុយអែត និងហ្វាំងឡង់ក្នុងរយៈពេលរហូតដល់ពួកគេក្លាយជាសមាជិកពេញសិទ្ធិរបស់ NATO លោក Geoana បាននិយាយថា លោកមិនបានឃើញការគំរាមកំហែងពិតប្រាកដណាមួយពីប្រទេសរុស្ស៊ីនោះទេ៕