(សិង្ហបុរី)៖ រដ្ឋមន្រ្តីការពារជាតិចិននិងអាមេរិក បានជួបគ្នានៅថ្ងៃសុក្រនេះ ដែលជាជំនួបពិភាក្សាទល់មុខផ្ទាល់ជាលើកដំបូង រវាងមន្រ្តីជាន់ខ្ពស់ទាំងពីរ គិតចាប់តាំងពីការឡើងកាន់អំណាច របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០២២។
ប្រមុខការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) និងប្រមុខការពារជាតិចិន លោក វ៉ី ហ្វេងហ៉ី (Wei Fenghe) បានជួបមុខគ្នាផ្ទាល់នៅឯប្រទេសសិង្ហបុរី ក្នុងជំនួបក្រៅផ្លូវការ កំលុងកិច្ចប្រជុំសាងគ្រីឡា (Shangri-La) ដែលជាកិច្ចប្រជុំកំពូលផ្នែកសន្តិសុខ ប្រចាំនៅតំបន់អាស៉ី។ កន្លងមករដ្ឋមន្រ្តីការពារជាតិទាំងពីរ ធ្លាប់បានជជែកគ្នាតាមទូរស័ព្ទ កាលពីខែមេសា។
គួរបញ្ជាក់ថា មុនជំនួបខាងលើ មន្រ្តីអាមេរិកបានអះអាងថា ការផ្តោតសំខាន់នៃកិច្ចពិភាក្សា គឺទៅលើការព្យាយាមទប់ស្កាត់កុំឱ្យ ភាពតានតឹងនៃប្រទេសមហាអំណាចទាំងពីរ ដែលរួមមានចាប់តាំងពីបញ្ហាកោះតៃវ៉ាន់, សកម្មភាពយោធានៅសមុទ្រចិនខាងត្បូង រហូតដល់បញ្ហាសិទ្ធិមនុស្ស និងការលុកលុយតាមប្រព័ន្ធព័ត៌មានវិទ្យានោះ ឈានទៅបង្កឱ្យមាន ការយល់ច្រឡំឬការប៉ះទង្គិចគ្នាណាមួយ នៅក្នុងផ្នែកយោធា។ ប្រព័ន្ធផ្សព្វផ្សាយចិន ក៏បានលើកឡើងដែរថា ទីក្រុងប៉េកាំងនឹងប្រើប្រាស់ជំនួបនេះ ដើម្បីពិភាក្សាអំពី កិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក៕