(សេអ៊ូល)៖ ការិយាល័ប្រធាធិបតីកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា លោកប្រធានាធិបតី យូន ស៊ុកយុល (Yoon Suk-yeol) នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូ (NATO) ដែលនឹងរៀបចំឡើងនាចុងខែមិថុនានេះ ហើយវានឹងជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូង ចាប់តាំងពីលោកចូលកាន់តំណែង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានកូរ៉េ The Korea Times នៅថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០២២។
កិច្ចប្រជុំកំពូលនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា NATO នេះ គ្រោងនឹងធ្វើឡើង នៅក្នុងទីក្រុងម៉ាឌ្រីដ នៃប្រទេសអេស្ប៉ាញ ចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ហើយលោក យូន នឹងក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេ ដែលចូលរួមកិច្ចប្រជុំនេះ។
មន្រ្តីនៃការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា «ការចូលក្នុងកិច្ចប្រជុំកំពូល NATO របស់លោក យូន នឹងក្លាយជាឱកាសដ៏សំខាន់ក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងត្បូង ជាមួយសម្ព័ន្ធមិត្ត និងដៃគូររបស់ NATO នៅក្រោមច្បាប់អន្តរជាតិ និងដើម្បីពង្រីកតួនាទីរបស់ខ្លួន ជាប្រទេសស្នូលរបស់ពិភពលោកផងដែរ»។
គួរបញ្ជាក់ថា ក្រៅពីកូរ៉េខាងត្បូង NATO ក៏បានអញ្ជើញជប៉ុន អូស្រ្តាលី និងនូវែលសេឡង់ ឱ្យចូលរួមកិច្ចប្រជុំកំពូលរបស់ខ្លួន ផងដែរ៕