(អូស្លូ)៖ រដ្ឋាភិបាលន័រវែសនៅថ្ងៃសុក្រនេះបានប្រកាសថា ន័រវែសនឹងបញ្ជូនឧទ្ធម្ភាគចក្រយោធា NH90 ដែលខ្លួនបានបញ្ជាទិញពី ក្រុមហ៊ុន NH Industries ត្រឡប់ទៅឱ្យ ក្រុមហ៊ុនបារាំងមួយនេះវិញ ដោយសារតែឧទ្ធម្ភាគចក្រទាំងនោះ ខ្លះមិនអាចប្រើប្រាស់យកជាការបាន និងខ្លះទៀតប្រគល់មកឱ្យន័រវែស ក្នុងស្ថានភាពយឺតយ៉ាវពេក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០២២។
ទីក្រុងអូស្លូបានបន្តថា ខ្លួនក៏នឹងធ្វើការទាមទារប្រាក់សំណងចំនួន ៥ពាន់លានក្រោនន័រវែស ឬស្មើនឹង៥២៣លានដុល្លារអាមេរិក បូករួមទាំងថ្លៃការប្រាក់ និងការចំណាយផ្សេងៗទៀតផងដែរ ពីក្រុមហ៊ុន NH Industries ដែលស្ថិតនៅក្រោមក្រុមហ៊ុនផលិតយន្តហោះបារាំង Airbus។
រដ្ឋមន្រ្តីការពារជាតិន័រវែស លោក ប៊្យន អារីដ ហ្ក្រាម (Bjorn Arild Gram) បានថ្លែងយ៉ាងដូច្នេះថា «មិនថាក្រុមអ្នកបច្ចេកទេសយើង បានចំណាយពេលច្រើនម៉ោងយ៉ាងណា ឬមួយក៏គ្រឿងបន្លាស់ច្រើនប៉ុនណា ដែលយើងបានទិញនោះទេ គឺនឹងមិនអាចធ្វើឱ្យឧទ្ធម្ភាគចក្រ NH90 បំពេញតាមតម្រូវការរបស់កងកម្លាំងយោធាន័រវែសឡើយ»។ រីឯអគ្គមេបញ្ជាការយោធាន័រវែស លោក អ៉ីរីគ គ្រីស្តូហ្វឺសិន (Eirik Kristoffersen) ក៏បានរិះគន់ដែរថា ន័រវែសមានឧទ្ធម្ភាគចក្រ ដែលមិនអាចប្រើយកជាការបាន។
គួរបញ្ជាក់ថា យោងតាមក្រសួងការពារជាតិន័រវែស កិច្ចសន្យាដើមសម្រាប់ការទិញឧទ្ធម្ភាគចក្រ NH90 សរុបចំនួន១៤គ្រឿង ត្រូវបានចុះហត្ថលេខា កាលពីឆ្នាំ២០០១ ប៉ុន្តែរហូតមកទល់ពេលនេះ ន័រវែសទទួលបានត្រឹមតែ ៨គ្រឿងប៉ុណ្ណោះ៕