(សិង្ហបុរី)៖ CAG ដែលជាគណៈគ្រប់គ្រងព្រលានយន្តហោះ ឆាងជី (Changi) របស់ប្រទេសសិង្ហបុរី នៅថ្ងៃសុក្រនេះ បានប្រកាសថា ព្រលានយន្តហោះ នឹងបើកដំណើរការស្ថានីយអ្នកដំណើរ Terminal 4 ឡើងវិញ នៅខែកញ្ញា ឆ្នាំនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០២២។
ប្រតិបត្តិការនៅស្ថានីយអ្នកដំណើរ Terminal 4 ត្រូវបានផ្អាកតាំងតែពីខែឧសភា ឆ្នាំ២០២០ មកម្ល៉េះ ដោយសារតែការធ្លាក់ចុះយ៉ាងគំហុក នៃការធ្វើដំណើរតាមផ្លូវអាកាស ដោយសារតែវិបត្តិជំងឺរាតត្បាតសកល COVID-19។ កាលពី១ខែមុននោះ ប្រតិបត្តិការនៅស្ថានីយ Terminal 2 ក៏ត្រូវបានផ្អាកផងដែរ ប៉ុន្តែសម្រាប់ហេតុផលផ្សេងគ្នា គឺដើម្បីធ្វើការកែលម្អបន្ថែម។
គួរបញ្ជាក់ថា មិនតែប៉ុណ្ណោះ នៅផ្នែកខាងត្បូង នៃសាលចេញដំណើររបស់ស្ថានីយ Terminal 2 ក៏ត្រូវបានគ្រោង នឹងបើកដំណើរការឡើងវិញ នៅខែតុលាខាងមុខផងដែរ។ ប្រការទាំងនេះនឹងអនុញ្ញាតឱ្យ ព្រលានយន្តហោះ Changi អាចវិលទៅរក ការធ្វើចរាចរណ៍នៃអ្នកដំណើរ ក្នុងកម្រិតពេញលេញ ដូចមុនពេលមាន COVID-19 វិញបាន៕