(យូអិន)៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានថ្កោលទោសចំពោះការបាញ់សម្លាប់ បុគ្គលិករបស់អង្គការសុខភាពពិភពលោក (WHO) នៅភាគខាងកើតប្រទេសមីយ៉ាន់ម៉ា ខណៈវាជាករណីឃាតកម្មចុងក្រោយបង្អស់ ដែលស្តែងឱ្យឃើញនូវភាពវឹកវរក្នុងប្រទេសអាស៊ានមួយនេះ ចាប់តាំងពីមានរដ្ឋប្រហារយោធាកាលពីឆ្នាំ២០២១។ នេះបើតាមការការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០២២។
UN និង WHO បានឲ្យដឹងថា លោក លោក ម្យូ មីនទួត (Myo Min Htut) ដែលជាបុគ្គលិកផ្នែកបើកបររបស់ WHO រយៈពេល៥ឆ្នាំមកហើយនោះ ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃពុធសប្តាហ៍នេះ ពេលកំពុងជិះម៉ូតូ ក្នុងទីក្រុង ម៉ឡាំយីន (Mawlamyine) នៃរដ្ឋមន (Mon) ក្បែរព្រំដែនជាមួយប្រទេសថៃ ហើយនេះជាដំណឹងមរណភាពដ៏គួរឲ្យភ្ញាក់ផ្អើលជាខ្លាំង។
ដោយឡែក អ្នកនាំពាក្យរដ្ឋាភិបាលយោធា មិនបានឆ្លើយតបចំពោះសំណើសុំធ្វើអត្ថាធិប្បាយនោះទេ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
គួរបញ្ជាក់ថា ការបាញ់ប្រហារខាងលើកើតមានឡើង បន្ទាប់ពីក្រុមសិទ្ធិមនុស្សបានលើកឡើងថា ការប្រើអំពើហិង្សា, ការសងសឹក និងដាក់ពិន័យក្រៅផ្លូវច្បាប់ កំពុងញ៉ាំញីប្រទេសមីយ៉ាន់ម៉ា ដែលបច្ចុប្បន្នគ្រប់គ្រងដោយរបបយោធា ខណៈអាជ្ញាធរតាមតំបន់ ក៏ដូចជាជនសង្ស័យជា អ្នកយកការណ៍ឱ្យយោធា ត្រូវបានគេសម្លាប់សឹងតែរៀងរាល់ថ្ងៃ៕