(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីដាក់ទណ្ឌកម្មលើ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ក៏ដូចជាមន្រ្តីកំពូលៗរបស់រុស្ស៉ីរាប់សិបនាក់ផ្សេងទៀត ក្នុងនោះរួមមានការបង្កទ្រព្យសម្បត្តិ និងហាមឃាត់ ការធ្វើដំណើរចូលក្នុងប្រទេសអ៊ុយក្រែនជាដើម។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០២២។
មន្រ្តីរុស្ស៉ី ដែលត្រូវរងទណ្ឌកម្មរួមមាននាយករដ្ឋមន្រ្តីរុស្ស៉ី លោក មីកាអែល មីស៊ូស្ទីន (Mikhail Mishustin), រដ្ឋមន្រ្តីការបរទេស លោក សឺហ្គៃ ឡារ៉ូវ (Sergei Lavrov) រដ្ឋមន្រ្តីការពារជាតិ លោក សឺហ្គៃ សយហ្គូ (Sergei Shoigu) និងអ្នកនាំពាក្យរបស់លោក ពូទីន គឺលោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) ផងដែរ។
បើតាមរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក ឌីមីទ្រី គូឡេបា (Dmytro Kuleba) ដោយសារតែរុស្ស៉ីហាក់ដូចជាមានបំណងចង់ប្រយុទ្ធ នៅអ៊ុយក្រែនរហូតដល់ ដំណាក់កាលចុងក្រោយ ដូច្នេះវាពិតណាស់សម្ពាធតាមរយៈទណ្ឌកម្ម គឺត្រូវតែបង្កើនឡើង។
គួរបញ្ជាក់ នៅក្នុងដំណាក់កាលដំបូងនៃសង្រ្គាម លោក ហ្សេលេនស្គី បានជំរុញឲ្យមានជំនួបដោយផ្ទាល់ជាមួយលោក ពូទីន ប៉ុន្តែ វិមានក្រឹមឡាំងបានរិះគន់នូវ គំនិតនេះ ដោយលើកឡើងថាមានការចរចារសន្តិភាពជាច្រើន ដែលបានធ្វើឡើងរវាងគណៈប្រតិភូនៃប្រទេសរៀងៗ ខ្លួនរួចទៅហើយ៕