(យូអិន)៖ ប្រទេសជប៉ុន បានស្ថិតនៅក្នុងចំណោមប្រទេសចំនួន៥ ដែលត្រូវបានបោះឆ្នោតជ្រើសរើសកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីក្លាយជាសមាជិក មិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហៅកាត់ថា UNSC សម្រាប់អាណត្តិឆ្នាំ២០២៣ ដល់ ២០២៤។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០២២។
ជប៉ុន រួមជាមួយប្រទេសចំនួន ៤ផ្សេងទៀត ក្នុងនោះរួមមាន ស្វីស, ម៉ូសំប៊ិក (Mozambique), ម៉ាល់តា (Malta) និងអេក្វាទ័រ (Ecuador) ត្រូវបានជ្រើសរើស ដោយមហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីក្លាយជាសមាជិកមិនអចិន្រៃ្តយ៍នៃ UNSC ជំនួសសមាជិកមិនអចិន្រ្តៃយ៍មានស្រាប់នៃប្រទេសចំនួន៥ រួមមាន ឥណ្ឌា, ន័រវែស (Norway), កេនយ៉ា (Kenya), ម៉ិកស៉ិក និងអៀរឡង់ (Ireland) សម្រាប់រយៈពេល ២ឆ្នាំ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។
គួរបញ្ចាក់ថា សព្វថ្ងៃ UNSC មានសមាជិកសរុបទាំងអស់ចំនួន ១៥ ប្រទេស ក្នុងនោះ ៥ ប្រទេសជាសមាជិកអចិន្ត្រៃយ៍ រួមមានសហរដ្ឋអាមេរិក រុស្ស៉ី ចិន បារាំង និងចក្រភពអង់គ្លេស ខណៈសមាជិកមិនអចិន្ត្រៃយ៍ចំនួន ១០ប្រទេសផ្សេងទៀតត្រូវបាន UNSC ជ្រើសរើសសម្រាប់អាណត្តិ ២ឆ្នាំ ហើយក្នុងនោះប្រទេសចំនួន៥ នឹងត្រូវប្រកាសរៀងរាល់ ១ឆ្នាំម្តង៕