(ប៉េកាំង)៖ យោងតាមតួលេខរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា រយៈពេល៥ខែដើម ឆ្នាំ២០២២នេះ ការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសចិន មានចំនួនប្រមាណ ១៤.៩៤ម៉ឺនតោន កើនឡើង២៣.៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ស្មើនឹង៥២.៦៨% នៃទំហំនាំចេញសរុប ហើយទឹកប្រាក់នៃការនាំចេញខាងលើនេះមានចំនួនរហូតដល់ ៧៩.២៣លានដុល្លារអាមេរិក។
អ្វីដែលជាការកត់សម្គាល់នោះ ប្រទេសចិននៅតែបន្តជាទីផ្សារនាំចេញធំបំផុត សម្រាប់អង្ករកម្ពុជា រហូតដល់ឆ្នាំ២០២២នេះ។ ថាតើមានមូលហេតុអ្វីខ្លះ ដែលចិននៅតែបន្តក្តោបក្តាប់ចំណែកទីផ្សារធំជាងគេ សម្រាប់អង្ករកម្ពុជា?
លោក លន់ យ៉េង អគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជាបានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនថា ចិនបានជួយទិញអង្ករកម្ពុជាច្រើនជាងគេ តាំងពីឆ្នាំ២០១៩ រហូតមកដល់ ឆ្នាំ២០២២នេះ។
លោកថា បរិមាណអង្ករកម្ពុជានាំចេញទៅប្រទេសចិនបានកំណើនជាបន្តបន្ទាប់ ស្របតាមអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងភាគីទាំងពីរ។ កាលពីឆ្នាំ២០២១ អង្ករកម្ពុជាជាង៣០ម៉ឺនតោន ត្រូវបាននាំចេញទៅប្រទេសចិន ឬ ប្រមាណជាង៥០ភាគរយនៃការនាំចេញអង្ករសរុប។ នៅឆ្នាំ២០២២នេះ លោកគិតថា នឹងសម្រេចកំណើនដល់៤០ម៉ឺនតោន យោងតាមអនុស្សរណៈនៃការយោគយល់គ្នា ជាលើកទី៦ ហើយក៏ស្របពេលដែលកំណើន នៃការនាំចេញមានកំណើនគួរឲ្យកត់សម្គាល់។
លោក លន់ យ៉េង បានបញ្ជាក់ដែរថា មូលហេតុសំខាន់ដែលចិន នៅតែបន្តក្តោបក្តាប់ចំណែកធំនៃទីផ្សារអង្ករកម្ពុជា គឺដោយសារតែឆន្ទៈខ្ពស់របស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ជាពិសេស ថ្នាក់ដឹកនាំកម្ពុជា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានរដ្ឋចិន ស៊ី ជីនភីង ក្នុងនោះ សូម្បីតែជំនួបក្នុងឆ្នាំ២០២២ ថ្មីៗនេះ ភាគីទាំងពីរបានជំរុញបន្ថែមទៀត លើការនាំចេញអង្ករកម្ពុជាទៅចិន។
ក្នុងន័យនេះ លោក លន់ យ៉េង ហ៊ានអះអាងថា បន្ទាប់ពី MOU ក្នុងបរិមាណចំនួន ៤០ម៉ឺនតោន គឺនឹងបន្តកំណត់ឲ្យកើនដល់ ៥០ម៉ឺនតោន ឬ ជាង៥០ម៉ឺនតោន ក្នុងការនាំចេញអង្ករកម្ពុជាទៅចិន។ «ចិន ដូចជាការជួយកម្ពុជា គឺចាប់ផ្តើមពីឆ្នាំ២០១៩មក សំខាន់ព្រោះពេលហ្នុង តម្រូវឲ្យអង្ករកម្ពុជា នាំចូលអឺរ៉ុប ត្រូវបង់ពន្ធ អញ្ចឹងធ្វើឲ្យចំណែកទីផ្សារអឺរ៉ុបហ្នឹង ធ្លាក់ចុះខ្លាំង ប៉ុន្តែស្របពេលហ្នុង គឺឆ្នាំ២០១៩ កំណើនរបស់ចិនគឺក្តោបឡើងដល់ជិត ៤០ភាគរយ នៅឆ្នាំ២០២០ ឡើងដល់៥០ភាគរយ.... ឆ្នាំ២០២១ គឺ៥០ភាគរយ រហូតដល់ឆ្នាំ២០២១ នៅតែរក្សាលំនឹង ជាង៥០ភាគរយ... ខាងភាគីចិនបានជួយទិញមានកំណើន យកជំនួសទីផ្សារដែលបាត់បង់ បរិមាណដែលបាត់បង់ ហើយផ្តល់ឆន្ទៈ ដើម្បីជួយទិញ។ គាត់ (ចិន) ស៊ីញ៉េ ៤០ម៉ឺនតោន នៅខែ១១ ឆ្នាំ២០២១ បើសិនមានតម្រូវការខ្ពស់ អាចលក់អស់ក្នុងទីផ្សារស្រុកចិន អស់ត្រឹមខែ៥ ជាឧទាហរណ៍ អញ្ចឹង ត្រូវធ្វើ MOU ថ្មីមួយទៀត មានបរិមាណ អាចច្រើនជាងហ្នឹងទៀត»។
លោក លន់ យ៉េង ក៏បានរម្លឹកពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ សែន ទៅទីក្រុងប៉េកាំង ពេលផ្ទុះកូវីដ១៩ខ្លាំង គឺជាការផ្សព្វផ្សាយទីផ្សារអង្ករកម្ពុជាកាន់តែខ្លាំង សម្រាប់ប្រជាជនចិន ដោយសារតែទស្សនកិច្ចមួយដ៏កម្រ និង ពិសេស ជាទស្សនកិច្ចធ្វើឡើងស្របពេលដែលចិនរងគ្រោះធ្ងន់ធ្ងរពីការរាត្បាតជំងឺកូវីដ ជាការផ្តល់កម្លាំងចិត្តដ៏ធំធេង សម្រាប់ប្រទេស និងប្រជាជនចិន។
ដោយសារតែឆន្ទៈរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរនេះហើយ បានជាក្រសួងពាក់ព័ន្ធនៅកម្ពុជា និង ភាគីចិន ជាពិសេស ក្រុមហ៊ុនរដ្ឋចិនមួយឈ្មោះថា COFCO បានខិតខំជំរុញការនាំចេញអង្ករកម្ពុជាទៅចិន កាន់តែច្រើនឡើង។ ក្រុមហ៊ុនថែមទាំងបានបង្កើតម៉ាកពិសេសមួយ សម្រាប់អង្ករកម្ពុជា លក់នៅប្រទេសចិនទៀតផង ដោយគេដឹងថា ប្រជាជនចិនចូលចិត្តទទួលទានអង្ករក្រអូបររបស់កម្ពុជា ព្រោះពួកគាត់ស្គាល់ពីភូមិសាសស្ត្រដាំដុះអង្កររបស់កម្ពុជាច្បាស់ គឺដាំនៅជុំវិញបឹងទន្លេសាប ជាដីមានជីវជាតិ។
«ក្រុមហ៊ុនរដ្ឋចិនមួយ ដែលជាក្រុមស្បៀងអាហារ និងចំណីអាហាររបស់ចិន ឈ្មោះថា COFCO គឺជាអ្នកទទួលបន្ទុកអនុវត្តនៅលើ បរិមាណ៤០ម៉ឺន...ប៉ុន្តែក្នុងន័យនេះ កម្ពុជា មានអ្នកទិញដែលមានសិទ្ធិនាំចូល ទៅក្នុងស្រុកចិន អាចទិញលក់ ឲ្យផ្សេងទៀត លើស ដែលអត់មានក្នុង MOU ហ្នឹងទៀត មានន័យថា គាត់បើកទួលាយដល់ប៉ុណ្ណឹង... យើងជាដៃគូល្អ គាត់បានបង្កើតម៉ាកពិសេសមួយ នៅស្រុកចិន សម្រាប់លក់តែអង្ករកម្ពុជា ព្រោះថា នៅក្នុងប្រទេសចិន មានម៉ាកអង្ករច្រើន ដូចនៅស្រុកយើងអញ្ចឹង តែគាត់ធ្វើម៉ាកពិសេសមួយ ឈ្មោះថា King Food ជាអង្ករកម្ពុជាតែម្តង ជួយជំរុញ។
លោក លន់ យ៉េង បានបញ្ជាក់បន្ថែមទៀតថា ចំពោះការជួយជ្រោមជ្រែងពីភាគីចិននេះ ចិនមិនត្រឹមតែជួយទិញអង្ករកម្ពុជាកាន់តែច្រើនប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ដល់កម្ពុជាទៀតផង ក្នុងនោះ មានដូចជា ការកសាងប្រព័ន្ធធារាសាស្ត្រ ដែលធ្វើឲ្យការដាំដុះលែងពឹងលើកមេឃច្រើនទៀតទេ គឺ ពឹងលើប្រព័ន្ធធារាសាស្ត្រ ដែលមានបច្ចេកទេសទំនើបៗ ក្នុងការបញ្ជូនទឹកពីទំនប់ធំៗ។
«ក៏អរគុណដល់ប្រទេសចិន ទាំងថ្នាក់ដឹកនាំ ទាំងប្រជាជនចិន ដែលជួយកម្ពុជា ជាពិសេស ជួយទាំងផ្នែកការកសាង ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រធំៗ មួយចំនួនធ្វើឲ្យការដាំដុះស្រូវរបស់យើង ច្រើនលែងពឹងលើមេឃច្រើន ពឹងលើបច្ចេកទេស ប្រព័ន្ធធារាស្ត្រដឹកទឹកពីប្រឡាយ ពីទំនប់ធំៗតែម្តង»។
ក្នុងនាមមិត្តភាពដែកថែប កម្ពុជា-ចិន បើនិយាយពីផលិតកសិកម្មនាំចេញទៅចិន គឺមិនមែនតែអង្ករទេ គឺមានសរុបប្រមាណ ៣០មុខឯណោះ។ កាលពីឆ្នាំ២០២១ បើទោះបីជាការនាំចេញកសិផលទៅក្រៅប្រទេសរបស់កម្ពុជាធ្លាក់ចុះ ព្រោះបញ្ហាជំងឺរាតត្បាតជាសកលកូវីដ១៩ ប៉ុន្តែនាំចេញទៅចិននៅតែមានកំណើនវិញ ក្នុងនោះ មានជាង៨៣ម៉ឺនតោន។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីការពិនិត្យភូតគាមអនាម័យលើផលិតផលកសិកម្មរបស់កម្ពុជា ក៏ភាគីចិនសម្រេចធ្វើតាមអនឡាញដែរ ពោលគឺ ពុំមានលក្ខខណ្ឌស្មុគស្មាញខ្លាំងពេកទេ៕
អត្ថបទដោយ វិទ្យុមិត្តភាពកម្ពុជាចិន