Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រាសាទសានស៊ូ៖ បន្តវេននិងផ្សព្វផ្សាយវប្បធម៌ប្រពៃណីចិនក្នុងកំណាព្យ

09-06-2022 16:54

(ប៉េកាំង)៖ ព្រឹកថ្ងៃទី៨ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារ នៅប្រាសាទសានស៊ូទីក្រុងមៃសាន ខេត្តស៊ីឈួន ដើម្បីស្វែងយល់ពីស្ថានការណ៍ អភិរក្សបេតកភណ្ឌប្រវត្តិសាស្ត្រ និងវប្បធម៌ក្នុងតំបន់។

ប្រាសាទសានស៊ូឋិតនៅខណ្ឌ Dongpo ទីក្រុងមៃសានខេត្តស៊ីឈួន ជាទីលំនៅចាស់របស់កវីល្បីឈ្មោះ នៅរាជវង្សសុងខាងជើងគឺ Su Xun, Su Shi និង Su Zhe។ បច្ចុប្បន្ន ទីនេះគឺជាអង្គភាពអភិរក្សវត្ថុបុរាណសំខាន់ៗរបស់ជាតិ តំបន់ទេសចរណ៍ជាតិថ្នាក់ 4A សារមន្ទីរជាតិថ្នាក់ទី២ និងជាកន្លែងសំខាន់សម្រាប់សិក្សាស្រាវជ្រាវកវីទាំងបីរូប និងវប្បធម៌សានស៊ូ។

ឆាកជីវិតរបស់លោក Su Shi ពោរពេញដោយការឡើងនិងចុះ។ នៅទីក្រុង Hangzhou លោកបានជួសជុលបឹង Xihu និងសាងសង់ទំនប់ Su ហើយបង្កើតបឹង Xihu ដែលមានទេសភាពដ៏ស្រស់ស្អាត និងល្បីល្បាញទាំងជាតិនិងអន្តរជាតិ។ នៅទីក្រុង Mizhou លោកបានប្រឆាំងគ្រោះរាំងស្ងួត កំចាត់សត្វកណ្ដូប អនុវត្តយ៉ាងម៉ឺងមាត់នូវការគ្រប់គ្រងដោយច្បាប់។ នៅទីក្រុងXuzhou លោកសាងសង់ទំនប់ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ បើកស្បៀងសម្រាប់ជួយសង្គ្រោះគ្រោះមហន្តរាយ ហើយបន្សល់ទុកគំនិតផ្តួចផ្តើម «សាងសង់ទំនប់និងបង្ការទឹកជំនន់ ដើម្បីបម្រើផលប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ»។

កម្លាំងឥទ្ធិពលរបស់លោកSu Shiមិនគ្រាន់តែនៅប្រទេសចិនប៉ុណ្ណោះទេ ក៏ជះឥទ្ធិពលដល់ពិភពលោកផងដែរ។ ពាក្យកំណាព្យដ៏ល្បីឈ្មោះ «但愿人长久,千里共婵娟» (សូមឱ្យមនុស្សដែលនឹករលឹកបានសុខតរៀងទៅ ទោះបីជានៅទីឆ្ងាយមិនបានជួបជុំ ក៏អាចផ្ញើក្ដីនឹករលឹកតាមរយៈការគយគន់ព្រះច័ន្ទដូចគ្នាដែរ) ត្រូវបានជនជាតិចិននៅបរទេសជាច្រើន យកមកប្រើប្រាស់នៅពេលដែលនឹករលឹកដល់ជាតិមាតុភូមិ។

ខែមករា ឆ្នាំ២០១៨ អង្គការយូណេស្កូបានប្រគល់វិញ្ញាបនបត្រកិត្តិយស អំពីការអភិរក្សបេតិកភណ្ឌវប្បធម៌ដល់ប្រាសាទសានស៊ូ ដើម្បីទទួលស្គាល់ពីវិភាគទាននៃប្រាសាទសានស៊ូ ក្នុងការផ្សាព្វផ្សាយវប្បធម៌ចិនលើពិភពលោក៕

ដោយ៖ វិទ្យុមិត្តភាពកម្ពុជាចិន