(កូឡុំបូ)៖ ប្អូនប្រុសរបស់ប្រធានាធិបតីស្រីលង្កា និងជាអតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុរបស់ប្រទេសនេះ គឺលោក បាស៉ីល រ៉ាចាប៉ាក់ស៉ា (Basil Rajapaksa) នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា រូបលោកបានសម្រេចលាលែងពីតួនាទីជា សមាជិកសភាហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០២២។
ក្នុងឱកាសនៃការប្រកាសពីដំណឹងខាងលើ លោក Basil Rajapaksa បានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «ចាប់តាំងពីថ្ងៃនេះតទៅ ខ្ញុំនឹងមិនជាប់ពាក់ព័ន្ធក្នុងសកម្មភាពរដ្ឋាភិបាលណាមួយឡើយ ប៉ុន្តែខ្ញុំមិនអាច ហើយនឹងពុំចាកចេញពី នយោបាយតែម្តងឡើយ»។ តាមរយៈការធ្វើបែបនេះ លោក Basil ក្លាយជាសមាជិកទី២ហើយ នៃគ្រួសារត្រកូល Rajapaksa ដ៏មានឥទ្ធិពល ដែលបានសម្រេចចិត្ត ដកខ្លួនចេញពីរដ្ឋាភិបាល នៅចំពោះមុខវិបត្តិសេដ្ឋកិច្ចដ៏យ៉ាប់យ៉ឺន ដែលប្រទេសស្រីលង្កាកំពុងបន្តប្រឈមមុខ។
គួរបញ្ជាក់ថា កាលពីខែឧសភាកន្លងទៅ លោក ម៉ាហ៉ីនដា រ៉ាចាប៉ាក់សា (Mahinda Rajapaksa) ដែលជាបងប្រុសរបស់ ប្រធានាធិបតីលោក ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa) បានចុះចេញពីតំណែងជានាយករដ្ឋមន្រ្តី បន្ទាប់ពីចលនាបាតុកម្មដែលអូសបន្លាយ ប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ច បានបង្កជាអំពើហិង្សាធ្ងន់ធ្ងរ។ យ៉ាងណាមិញ លោក Mahinda នៅតែបន្តមានតំណែងជា សមាជិកសភា៕