(វ៉ាស៉ីនតោន)៖ បុរសម្នាក់រស់នៅ ក្នុងរដ្ឋកាលីហ្វ័រញ៉ា (California) ប្រដាប់ដោយកាំភ្លើងដៃដែលមានផែនការសម្លាប់លោក ប្រេដ កាវ៉ាណាហ្វ (Brett Kavanaugh) ចៅក្រមតុលាការកំពូលអាមេរិក ត្រូវបានចោទប្រកាន់ «ពីបទប៉ុនប៉ងមនុស្សឃាត» នៅថ្ងៃពុធសប្តាហ៍នេះ។ នេះបើយោង តាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០២២។
បើយោងតាមរបាយការណ៍របស់ប៉ូលិស FBI, បុរសអាយុ២៦ឆ្នាំ ឈ្មោះ នីកូឡាស់ រ៉ូស្គី (Nicholas Roske) រស់នៅជាយក្រុងឡូសអាន់ជែលឡែស (Los Angeles) នៃរដ្ឋកាលីហ្វ័រញ៉ា បានកាន់កាប់កាំភ្លើងដែលខ្លួនបានទិញ ក្នុងគោលបំណងសម្លាប់ លោក កាវ៉ាណាហ្វ និងកាន់កាប់គ្រាប់រំសេវ, ស្រ្ពាយម្រេច និងឧបករណ៍ជាច្រើនទៀត។
ផ្ទះរបស់លោក កាវ៉ាណាហ្វ ស្ថិតនៅជាយក្រុងវ៉ាស៉ីនតោន (Washington) បានក្លាយជាកន្លែងតវ៉ាមួយចំនួន ពីសំណាក់ក្រុមអ្នកតស៊ូមតិពាក់ព័ន្ធនឹង សិទ្ធិរំលូតកូន សេចក្តីព្រាងច្បាប់លេចធ្លាយកាលពីថ្ងៃទី២ ខែឧសភាកន្លងទៅ បានបង្ហាញថាតុលាការបានត្រៀមខ្លួនរួចជាស្រេច ដើម្បីលុបចោល នូវប្បញត្តិសំខាន់ៗ កាលពីឆ្នាំ១៩៧៣ ដែលលើកឡើងថាការសម្រេចចិត្តរំលូតកូន គឺជារឿងស្របច្បាប់ទូទាំងប្រទេស។
ជនសង្ស័យបានសារភាពថា ខ្លួនមានការខកចិត្តចំពោះសេចក្តីព្រាងច្បាប់ដែលបានបែកធ្លាយនេះ រួមទាំងករណីបាញ់ប្រហារក្នុងសាលារៀន នៅរដ្ឋតិចសាស់ ដោយខ្លួនមានការព្រួយបារម្ភថា លោក កាវ៉ាណាហ្វ ក៏អាចនឹងជំទាស់ច្បាប់ស្ដីពីការគ្រប់គ្រងកាំភ្លើង ដែលនឹងត្រូវសម្រេច នៅសប្តាហ៍ខាងមុខនេះផងដែរ។
គួរបញ្ជាក់ថា បើតាមតុលាការសហព័ន្ធ ក្នុងរដ្ឋម៉ារីលេន, ជនសង្ស័យឈ្មោះ រ៉ូស្គី ប្រឈមនឹងការចោទប្រកាន់ពីបទប៉ុនប៉ងចាប់ជំរិត ឬសម្លាប់ចៅក្រមអាមេរិក ដែលអាចជាប់ពន្ធនាគារអតិបរមា ២០ឆ្នាំ។ ពេលនេះជនសង្ស័យ ត្រូវបានឃុំខ្លួន រង់ចាំសវនាការមួយផ្សេងទៀត នៅថ្ងៃទី២២ ខែមិថុនាខាងមុខ៕