(ឡុងដ៍)៖ អង្គការសុខភាពពិភពលោក WHO បានឱ្យដឹងថាករណីឆ្លងជំងឺអុតស្វា (monkeypox) ច្រើនជាង ១,០០០ករណីហើយ ត្រូវបាន រាយការណ៍នៅតាមប្រទេស ក្រៅតំបន់អាហ្រ្វិក ជាទីដែលជំងឺមួយនេះឆ្លងរាលដាលជាទូទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០២២។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅថ្ងៃពុធសប្ដាហ៍នេះ ប្រមុខ WHO លោក តេដ្រូស អាដាណម ហ្គេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) បានបញ្ជាក់ថាករណីឆ្លងជំងឺអុតស្វា ត្រូវបានរាយការណ៍នៅតាមប្រទេសដែលមិនធ្លាប់រកឃើញជំងឺនេះក៏ពិតមែន តែមកទល់នឹងពេលនេះ ជំងឺឆ្លងមួយនេះនៅតែស្ថិតនៅក្រោមការគ្រប់គ្រង និងអាចបង្ការបានតាមរយៈការរក្សាអនាម័យជាប្រចាំ។
លោកបន្ថែមថាមានប្រទេសចំនួន ២៩ បានរាយការណ៍ពីករណីឆ្លងជំងឺអុតស្វា ចាប់តាំងពីខែឧសភាមក និងមិនមានសេចក្ដីរាយការណ៍ពី អ្នកស្លាប់ដោយសារជំងឺនេះទេ។
គួរបញ្ជាក់ថា បើតាមប្រមុខអង្គការ WHO ករណីជំងឺអុតស្វាច្រើនជាង ១,៤០០ករណី ត្រូវបានរាយការណ៍នៅក្នុងតំបន់អាហ្វ្រិកក្នុងឆ្នាំ២០២២ នេះ ហើយក្នុងនោះមាន ៦៦នាក់បានស្លាប់៕