(យូអិន)៖ សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះបានចោទសួរចិន និងរុស្ស៉ីថាតើប្រទេសទាំង២ តម្កល់ប្រយោជន៍នៃទំនាក់ទំនងរបស់ខ្លួនមុនសន្តិសុខពិភពលោកឬ ទើបចេះតែបោះឆ្នោតវេតូទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើកូរ៉េខាងជើង ពាក់ព័ន្ធនឹងការបាញ់តេស្ដមីស៊ីលផ្លោង ឥតល្ហែកន្លងមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០២២។
មន្ត្រីការទូតជាន់ខ្ពស់អាមេរិក លោក ចេហ្វហ្វ្រី ដេឡូរិនទីស (Jeffrey DeLaurentis) ធ្វើការកត់សម្គាល់ខាងលើប្រាប់អង្គប្រជុំនៃមហាសន្និបាត អង្គការសហប្រជាជាតិទាំង១៩៣ ប្រទេស និងជាការឆ្លើយតបទៅនឹងការបោះឆ្នោតវេតូរបស់ចិន និងរុស្ស៉ី ជំទាស់់ដំណោះស្រាយដាក់ទណ្ឌកម្ម កូរ៉េខាងជើង ព្រាងឡើងដោយសហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន។ ថ្លែងនាឱកាសនោះ លោក DeLaurentis បានគូសបញ្ជាក់ដូច្នេះថា «យើង មើលឃើញថាការបោះឆ្នោតវេតូនេះមិនឆ្លុះបញ្ចាំងពីភាពជាដៃគូនោះទេ ហើយការពន្យល់ពីការបោះឆ្នោតវេតូរបស់ពួកគេ (ចិន និងរុស្ស៉ី) មិនគ្រប់ជ្រុងជ្រោយ មិនគួរឱ្យជឿ និងមិនគួរឱ្យទុកចិត្ត។ ដ្បិតការបោះឆ្នោតវេតូរបស់ពួកគេមិនត្រូវបានប្រើប្រាស់ដើម្បីសុវត្ថិភាព និងសន្តិសុខ សមូហភាព នោះទេ»។
រុស្ស៉ី មិនបានឆ្លើយតបទៅនឹងការលើកឡើងរបស់លោក DeLaurentis នោះទេ ប៉ុន្តែ ចិនបានការពារការសម្រេចចិត្តបោះឆ្នោតវេតូរបស់ខ្លួនថា ជារឿងត្រឹមត្រូវ ដោយសង្កត់ធ្ងន់ថាការបន្តដាក់ទណ្ឌកម្មលើកូរ៉េខាងជើង មានតែធ្វើឱ្យការស្វែងរកដំណោះស្រាយការទូត និងនយោបាយ កាន់តែលំបាកតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា កូរ៉េខាងជើង នៅក្នុងឆ្នាំ២០២២នេះ បានធ្វើតេស្ដមីស៊ីលផ្លោងរាប់សិបគ្រាប់ ក្នុងនោះរួមមានទាំងមីស៊ីលផ្លោងអន្តរទ្វីប ICBM ចំពោះមុខការព្រមានពីសហរដ្ឋអាមេរិកថាទីក្រុងព្យុងយ៉ាង កំពុងត្រៀមធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកទី៧ និងជាលើកដំបូង ចាប់តាំងពី ឆ្នាំ២០១៧មក៕