(ម៉ិកស៉ីកូស៉ីធី)៖ រដ្ឋមន្រ្តីការបរទេសម៉ិកស៉ិក លោក ម៉ាសេឡូ អេប្រាដ (Marcelo Ebrard) កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងអនុវត្តស្ដង់ដាពីរ តាមរយៈការមិនអញ្ជើញប្រទេសគុយបា វេណេស៊ុយអេឡា និងនីការ៉ាហ្កា ឱ្យចូលរួមកិច្ចប្រជុំកំពូលតំបន់អាមេរិក ប៉ុន្តែក្នុងពេលទន្ទឹមគ្នាបែរទៅជាទាក់ទងជាមួយ រដ្ឋាភិបាលមិនមែនប្រជាធិបតេយ្យនៃតំបន់អាស៊ាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០២២។
លោក Ebrard បានសរសេរក្នុងអត្ថបទមួយ ដែលត្រូវបានចុះផ្សាយដោយកាសែតម៉ិកស៉ិក អិចសែលស៉ីអ័រ (Excelsior) ថា «លក្ខខណ្ឌប្រជាធិបតេយ្យដែលគេហៅនោះ គឺមិនត្រូវបានអនុវត្តដោយស្មើភាពគ្នា នៅក្នុងគ្រប់ករណីទាំងអស់ឡើយ គឺតែក្នុងករណីមួយចំនួនប៉ុណ្ណោះ»។ លោកចង់សំដៅរកការពង្រឹងទំនាក់ទំនងរបស់ទីក្រុងវ៉ាស៉ីនតោន ជាមួយប្រទេសនៅតំបន់ អាស៉ីអាគ្នេយ៍ និងការបង្កើតក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៉ីហ្វិក កាលពីខែឧសភាកន្លងទៅ។ នៅក្នុងចំណោមសមាជិកអាស៊ាន ប្រទេសមីយ៉ាន់ម៉ា សព្វថ្ងៃគ្រប់គ្រងដោយរបបយោធា រីឯវៀតណាមប្រកាន់របបកុម្មុយនិស្តឯកបក្ស។ លោក Ebrard បានហៅការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកថា «មិនមានភាពស៉ីចង្វាក់ ឬផ្ទុយស្រឡះតែម្តង។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានជ្រើសរើសមិនអញ្ជើញមេដឹកនាំនៃប្រទេសវេណេស៊ុយអេឡា នីការ៉ាហ្កា និងគុយបា ឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលអាមេរិក ដែលត្រូវប្រព្រឹត្តទៅនៅទីក្រុង ឡូសអាន់ជែលឡែស (Los Angeles) ក្នុងសប្តាហ៍នេះនោះទេ ដោយលើកឡើងពីការព្រួយបារម្ភ អំពីបញ្ហាលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសរបស់ពួកគេ។
ជុំវិញបញ្ហានេះ ប្រធានាធិបតីម៉ិកស៉ិក លោក អាន់ដ្រេស ម៉ានូអ៊ែល ឡូប៉េស អូប្រាឌ័រ (Andres Manuel Lopez Obrador) បានសម្រេចបដិសេដចូលរួមកិច្ចប្រជុំកំពូលខាងលើ បន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសថា មិនមែនគ្រប់ប្រទេសទាំងអស់នោះឡើយ នៅក្នុងតំបន់អាមេរិក ដែលត្រូវបានអញ្ជើញឱ្យចូលរួម៕