(បែរឡាំង)៖ អ្នកនាំពាក្យប៉ូលិសប្រចាំរដ្ឋធានីបែរឡាំង នៃប្រទេសអាល្លឺម់ង់ នៅថ្ងៃពុធនេះបានឱ្យដឹងថា បុរសម្នាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពី បើករថយន្តបំបុកចូលហ្វូងមនុស្ស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០២២។
មនុស្សយ៉ាងហោចម្នាក់ បានបាត់បង់ជីវិត និងប្រមាណជា ៣០នាក់ផ្សេងទៀត បានទទួលរងរបួស។ ប៉ូលិសអាល្លឺម៉ង់បានប្រាប់ថា បុរសម្នាក់បានបើករថយន្តបំបុកហ្វូងមនុស្ស ប៉ុន្តែពួកគេមិនទាន់អាចកំណត់ឱ្យច្បាស់នៅឡើយទេថា តើអ្នកបើកបររថយន្តខាងលើ បានធ្វើសកម្មភាពដោយចេតនា ឬមួយក៏វាត្រឹមជាគ្រោះថ្នាក់ចៃដន្យ។ អត្តសញ្ញាណរបស់ជនបង្កហេតុ មិនត្រូវបានបញ្ជាក់នោះទេ។
គួរបញ្ជាក់ថា ហេតុការណ៍ខាងលើ បានកើតឡើងនៅភាគខាងលិចទីក្រុងបែរឡាំង ក្បែរកន្លែងកើតហេតុនៃ សកម្មភាពវាយប្រហារកក្រើកមួយ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅពេលបុរសជនជាតិទុយនីស៉ីម្នាក់ ដែលមានទំនាក់ទំនងជាក្រុមជ្រុលនិយម បានប្លន់រថយន្តដឹកទំនិញមួយគ្រឿង ហើយបើកវាបំបុកហ្វូងមនុស្ស នៅផ្សារគ្រីស្មាស់មួយកន្លែង ដែលបណ្តាលឱ្យមនុស្ស ១១នាក់ស្លាប់ និងបង្កឱ្យរបួសរាប់សិប៕