(វីលនីញូស)៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលហ៍ (Olaf Scholz) បាននិយាយក្នុងដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងវីលនីញូស (Vilnius) នៃប្រទេសលីទុយអានី នៅថ្ងៃអង្គារសប្តាហ៍នេះថា អាល្លឺម៉ង់បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបង្កើនបេសកកម្មយោធារបស់ខ្លួន នៅលីទុយអានី ដើម្បីជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៉ី លើអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០២២។
ក្រោយពីជួបជាមួយ ប្រធានាធិបតីលីទុយអានី លោក ហ្គីតាណាស់ នូសសេដា (Gitanas Nauseda), នាយករដ្ឋមន្រ្តីឡេតូនី និងនាយករដ្ឋមន្រ្តីអេស្តូនី លោក សូលហ៍ បានប្រាប់សន្និសីទសារព័ត៌មានយ៉ាងដូច្នេះថា «យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីពង្រឹងការចូលរួមរបស់យើង និងអភិវឌ្ឍឆ្ពោះទៅរកការបង្កើតកងពលតូច ដើម្បីប្រយុទ្ធដ៏រឹងមាំមួយ»។ លោក សូលហ៍ បន្ថែមថា «យើងនឹងការពារទឹកដីគ្រប់សង់ទីម៉ែត្រ របស់ណាតូ (NATO)»។
ប្រភពពីរដ្ឋាភិបាលអាល្លឺម៉ង់ បានបង្ហើបឱ្យដឹងថា ទីក្រុងបែរឡាំង នឹងរៀបចំបង្កើតកងពលតូចត្រៀមប្រយុទ្ធមួយ ជាមួយនឹងកម្លាំងទាហានប្រហែល ៣,០០០នាក់ ដែលអាចនឹងដាក់ពង្រាយយ៉ាងឆាប់រហ័សបាន ដើម្បីការពារលីទុយអានី ក្នុងករណីចាំបាច់ ស្របពេលចំនួនកងទ័ពអាល្លឺម៉ង់ដែលមានស្រាប់ នៅទីនោះនាពេលបច្ចុប្បន្ន នឹងត្រូវបង្កើនដល់ ១,៥០០នាក់៕
គួរបញ្ជាក់ថា បើតាមសេចក្តីថ្លែងការណ៍រួម លោក សូលហ៍ និង លោក នូសសេដា ក៏អាចនឹងមានដែរនូវ ការពង្រីកកងវរសេនាតូចប្រយុទ្ធមួយ របស់អង្គការណាតូ ដែលដឹកនាំដោយអាល្លឺម៉ង់ ក្នុងប្រទេសលីទុយអានី ឲ្យដល់ទំហំជាកងពលតូច ក្នុងរយៈពេលវែងផងដែរ៕