(ស៉ីដនី)៖ នៅថ្ងៃពុធនេះ អូស្រ្តាលីបានចេញមុខប្រកែកថា យន្តហោះល្បាតរបស់ខ្លួន គឺស្ថិតនៅក្នុងតំបន់ដែនអាកាសអន្តរជាតិ នៅពេលដែលយន្តហោះចម្បាំងចិន បានហោះមកស្ទាក់ នៅក្នុងហេតុការណ៍ ដែលបានកើតឡើង កាលពីប៉ុន្មានសប្តាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០២២។
នៅពេលត្រូវបានក្រុមអ្នកកាសែត សួរពាក់ព័ន្ធបញ្ហាវិវាទរវាងទីក្រុងកង់បេរ៉ា និងទីក្រុងប៉េកាំង ជុំវិញហេតុការណ៍ខាងលើ ដែលរដ្ឋាភិបាលអូស្រ្តាលី បានហៅថា ជាទង្វើដ៏គ្រោះថ្នាក់បំផុតនោះ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់តូនី អាល់បានីស បានឆ្លើយតបយ៉ាងដូច្នេះថា «ឧប្បត្តិហេតុនោះ បានកើតឡើងនៅក្នុងដែនអាកាសអន្តរជាតិ។ គ្មានអ្វីត្រូវនិយាយវែងឆ្ងាយទៀតទេ»។
កាលពីថ្ងៃអង្គារសប្តាហ៍នេះ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក តាន់ កេហ្វៃ (Tan Kefei) បាននិយាយថា យន្តហោះល្បាតប្រឆាំងនាវាមុជទឹកធុន P-8A របស់អូស្រ្តាលី បានហោះមកក្បែរដែនអាកាស នៃទីប្រជុំកោះមានជម្លោះ ប៉ារ៉ាសែល (Paracel) ដែលស្ថិតនៅតំបន់សមុទ្រចិនខាងត្បូង។ បើតាមលោក Tan ភាគីចិនបានព្រមានឱ្យយន្តហោះអូស្រ្តាលី ហោះចេញទៅវិញ ខណៈលោកបានអះអាងថា យន្តហោះអូស្រ្តាលី បង្កការគំរាមកំហែង ចំពោះអធិបតេយ្យភាពនិងសន្តិសុខរបស់ចិន និងថែមទាំងចោទរដ្ឋាភិបាលអូស្រ្តាលីថា បានផ្សព្វផ្សាយព័ត៌មានមិនពិត។
គួរបញ្ជាក់ថា បើតាមការអះអាងរបស់ទីក្រុងកង់បេរ៉ាវិញ គឺយន្តហោះចម្បាំងចិន បានហោះមកកាត់ពីខាងមុខយន្តហោះល្បាតខ្លួន ប្រកបដោយគ្រោះថ្នាក់ ហើយបញ្ចេញនូវកម្ទេចផ្កាភ្លើង ដែលកម្ទេចកម្ទីខ្លះត្រូវបានស្រូបចូល ក្នុងម៉ាស៉ីនយន្តហោះអូស្រ្តាលី ថែមទៀតផង៕