(ហ្សេរុយសាឡឹម)៖ គណៈកម្មការស៊ើបអង្កេតឯករាជ្យមួយ ដែលត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅក្រោយ សង្រ្គាមរយៈពេលខ្លីរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ កាលពីឆ្នាំ២០២១ បាននិយាយថា អ៉ីស្រាអែល ត្រូវតែធ្វើលើសពីការបិទបញ្ចប់ការធ្វើអាណានិគម លើទឹកដី ដែលមេដឹកនាំប៉ាឡេស្ទីនចង់បង្កើតជារដ្ឋមួយនៅពេលអនាគត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០២២។
នៅក្នុងរបាយការណ៍របស់ខ្លួនចេញផ្សាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះ គណៈកម្មការស៊ើបអង្កេតឯករាជ្យ បានលើកឡើងថាការបិទបញ្ចប់ការធ្វើអាណានិគម តែមួយមុខ មិនទាន់គ្រប់គ្រាន់នោះទេ។ របាយការណ៍ដដែលឱ្យដឹងទៀតថា ភស្តុតាងជាច្រើនបង្ហាញថាអ៉ីស្រាអែលមិនមានចេតនាបញ្ចប់ការធ្វើអាណានិគម ឡើយ ដោយពួកគេចង់បន្តគ្រប់គ្រងទឹកដីប៉ាឡេស្ទីនទំាងស្រុង ក្នុងនោះរួមមានទីក្រុងហ្សេរុយសាឡឹមភាគខាងកើត (East Jerusalem) ជាដើមដែល ត្រូវអ៉ីស្រាអែលកាន់កាប់ ចាប់តាំងពីសង្រ្គាមឆ្នាំ១៩៦៧ និងក្រោយមកបានធ្វើឧបសម្ព័ន្ធដោយមិនមានការទទួលស្គាល់ពីសហគមន៍អន្តរជាតិទេ។
គួរបញ្ជាក់ថា ដោយសំអាងលើច្បាប់អ៉ីស្រាអែលដែលបដិសេធផ្ដល់សញ្ជាតិដល់ជនជាតិប៉ាឡេស្ទីន ដែលរៀបការជាមួយពលរដ្ឋអ៉ីស្រាអែល របាយការណ៍ ខាងលើ បានចោទប្រកាន់ថាអាជ្ញាធរអ៉ីស្រាអែលបានអនុវត្តច្បាប់ដោយរើសអើងរវាងជនជាតិប៉ាឡេស្ទីន និងនិគមជនអ៉ីស្រាអែល តួយ៉ាងដូចជា ផ្ដល់អត្រានុកូលដ្ឋាន សិទ្ធិ និងការការពារស្របច្បាប់ដែលមានភាពលម្អៀងរវាងជនជាតិអ៉ីស្រាអែល និងជនជាតិប៉ាឡេស្ទីន៕