(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនមើលឃើញថាការប្រកាន់យក «សីលធម៌ និងយុទ្ធសាស្ត្រ» ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន ជារឿងងាយស្រួលយល់ បំផុត នោះគឺ «អ៊ុយក្រែនជាជនរងគ្រោះនៃការឈ្លានពាន» រីឯ «រុស្ស៉ីគឺជាអ្នកឈ្លានពាន»។ តែអ្វីដែលពួកគេកំពុងធ្វើ ច្បាស់ណាស់មិនមែនគ្រាន់តែដើម្បីឯករាជ្យភាព និងប្រជាធិបតេយ្យរបស់អ៊ុយក្រែនប៉ុណ្ណោះទេ ដោយសហរដ្ឋអាមេរិក ក៏ចង់ឱ្យប្រទេសប្រជាធិបតេយ្យទាំងអស់នៅលើពិភពលោកទាំងអស់ចូលរួមការពារ «សណ្ដាប់ធ្នាប់ ពិភពលោកជាមូលដ្ឋានចាត់ចែងដោយសហរដ្ឋអាមេរិក» ពីកណ្ដាប់ដៃប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ដែលពួកគេហៅថាជា «តួអង្គចិត្តអាក្រក់» ផងដែរ។
ក៏ប៉ុន្តែ អ្វីដែលគេកំពុងឃើញ អ្នកដែលកំពុងប្រឹងប្រែងខ្នះខ្នែងជួយអ៊ុយក្រែនខ្លាំងជាងគេ មានតែសហរដ្ឋអាមេរិក និងប្រទេសក្នុងតំបន់អឺរ៉ុប ខណៈប្រទេសដទៃភាគច្រើន នៅជុំវិញពិភពលោក មិនបានជួយអ៊ុយក្រែនទេ បើទោះជាពួកគេខ្លះថ្កោលទោសសង្រ្គាមរបស់លោក ពូទីនក៏ដោយ។ ប្រទេសមួយចំនួនដូចជា ឥណ្ឌា ប្រេស៊ីល ម៉ិកស៊ិក អាហ្វ្រិកខាងត្បូង តួកគី និងឥណ្ឌូណេស៊ី មកទល់ម៉ោងនេះនៅតែបន្តប្រកាន់ជំហរមិនច្បាស់លាស់ និងធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន ដើម្បីការពារប្រយោជន៍សេដ្ឋកិច្ច និងយុទ្ធសាស្ត្ររបស់ពួកគេរៀងៗខ្លួន។ ពោលគឺគោលនយោបាយរបស់ពួកគេចំពោះសង្រ្គាមអ៊ុយក្រែន មានការប្រែប្រួលជានិច្ច។
នៅក្នុងចំណោមប្រទេសទាំងនោះ ឥណ្ឌាដែលជាសម្ព័ន្ធមិត្ត និងជាដៃគូមិនអាចខ្វះបានរបស់សហរដ្ឋអាមេរិក នៅក្នុងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក មិនបានដើរ ឬស្ដាប់តាម ការអំពាវនាវពីរដ្ឋបាលលោក ចូ បៃដិន ក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៉ីឡើយ ហើយសូម្បីតែអារ៉ាប៊ីសាអូឌីត ដែលមានទំនាក់ទំនងយោធាជិតស្និទ្ធ ជាយូរណាស់ មកហើយជាមួយអាមេរិក ក៏មិនបានបង្កើនការចម្រាញ់ប្រេងតាមការទទូចសុំពីវ៉ាស៊ីនតោននោះដែរ បន្ទាប់ពីលោកខាងលិចដាក់ទណ្ឌកម្ម លើមូស្គូ។ តើនេះមកពីហេតុអ្វី?
ចម្លើយ នោះគឺដំបូងដៃ គេអាចនិយាយបានថាប្រទេសទំាងនេះមើលឃើញដូចគ្នាៗថា «សង្រ្គាមនៅអ៊ុយក្រែន គឺគ្រាន់តែជាជម្លោះមួយនៅក្នុងតំបន់ មិនដូចដែលលោកខាងលិច អះអាងថាជាការគំរាមកំហែងធ្ងន់ធ្ងរដល់ស្ថិរភាព ច្បាប់ និងសណ្ដាប់ធ្នាប់ពិភពលោកនោះទេ»។ ជាឧទាហរណ៍ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក ស៊ីរីល រ៉ុាម៉ាហ្វូសា (Cyril Ramaphosa) ទោះបីជាបង្ហាញការមិនគាំទ្រដល់សង្រ្គាមរបស់លោក ពូទីន នៅអ៊ុយក្រែនក៏ពិតមែន តែលោកក៏បានរិះគន់ចំៗដែរថាការពង្រីកឥទ្ធិពលរបស់សហរដ្ឋអាមេរិក និង NATO នៅអឺរ៉ុប ជាមូលហេតុដ៏ចម្បងមួយបង្កឱ្យសង្រ្គាមផ្ទុះឡើង។ ចំណែកឯ ប្រទេសដទៃដូចជា អ៉ីស្រាអែល ឥណ្ឌា និងតួកគីជាដើម មិនបានថ្កោលទោសរុស្ស៉ីដោយ បើកចំហឡើយ និងកំពុងព្យាយាមរក្សាតុល្យភាពនៃប្រយោជន៍ទាំងជាមួយរុស្ស៉ី និងអ៊ុយក្រែន។ នៅត្រង់នេះគឺពួកគេបានតម្កល់ផលប្រយោជន៍ជាតិរបស់ខ្លួន ខ្ពស់ជាងការអំពាវ របស់សហរដ្ឋអាមេរិក។
ជាក់ស្ដែង ឥណ្ឌានៅតែបន្តរក្សាទំនាក់ទំនងសេដ្ឋកិច្ចជាមួយរុស្ស៉ី និងកំពុងទាញយកប្រយោជន៍តាមរយៈការបង្កើនការទិញប្រេងពីរុស្ស៉ីទ្វេដង និងលក់ក្រោមការបញ្ចុះតម្លៃ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈមក ធៀបទៅនឹងកាលពីឆ្នាំ២០២១ ។ នៅក្នុងទស្សនៈយល់ឃើញរបស់លោកខាងលិច សង្រ្គាមរបស់លោក ពូទីន គឺជា ទង្វើឈ្លានពានមិនអាចអត់ឱនបាន ហើយបើនិយាយពី «រឿងសីលធម៌» ប្រទេសនៅក្រៅតំបន់អាមេរិកខាងជើង និងអឺរ៉ុប ក៏យល់ស្របដូចគ្នានេះដែរ។
តែអ្វីដែលពិសេស នៅត្រង់ថាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន បានបង្រៀនមេរៀនជាច្រើនដែលធ្វើឱ្យប្រទេសភាគច្រើននៅអាស៊ី មជ្ឈិមបូព៌ា និងអាមេរិកឡាទីនមើលឃើញថាអាមេរិក និងអឺរ៉ុបចូលចិត្តបង្ខំឱ្យគេធ្វើតាម ហើយបើគេមិនធ្វើតាមអាងអីប្រើលុយដុល្លារអាមេរិកគំរាមដាក់ទណ្ឌកម្ម។ តួយ៉ាង ជាឆ្លើយតបទៅ នឹងការអំពាវនាវរបស់អាមេរិក និងអឺរ៉ុបឱ្យប៉ាគីស្ថានដាក់ទណ្ឌកម្មលើរុស្ស៉ី អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក អ៉ីមរ៉ន ខាន់ (Imran Khan) បានចោទសួរត្រង់ៗថា «តើយើង ជាទាសកររបស់ពួកអ្នក ដែលត្រូវធ្វើតាមអ្វីដែលអ្នកនិយាយគ្រប់រឿងឬ?»។ ប្រទេសមួយចំនួនដូចជាឥណ្ឌា និងប៉ាគីស្ថាន ក៏ធ្លាប់ជាប់ទណ្ឌកម្មអាមេរិកដែរ ក្រោយពួកគេ ធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកដំបូង ក្នុងឆ្នាំ១៩៩៨ រីឯតួកគីជាប់ទណ្ឌកម្មរបស់អាមេរិក ដោយសារទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៉ី ហើយដែលនេះបង្ហាញឱ្យពួកគេយល់ថា «អាមេរិកគិតតែប្រយោជន៍របស់ខ្លួន ចុះហេតុអ្វីយើងមិនអាចគិតពីប្រយោជន៍របស់យើង?»
លើសពីនេះទៅទៀត ទង្វើកាលពីអតីតកាលរបស់សហរដ្ឋអាមេរិក និងលោកខាងលិចក៏ត្រូវបានប្រទេសមួយចំនួន នៅជុំវិញពិភពលោកយកមកទាញសម្មតិកម្មដែរថា បើទង្វើ របស់រុស្ស៉ីជាការឈ្លានពានខុសច្បាប់ ចុះសង្រ្គាមរបស់អាមេរិកនៅអាហ្វហ្កានីស្ថាន អ៉ីរ៉ាក់ និងស៊ីរី កន្លងមកគឺធ្វើដើម្បីឱ្យពិភពលោកបានល្អ ឬ? សហរដ្ឋអាមេរិក និង NATO ធ្វើអន្តរាគមន៍យោធាឯកតោភាគី នៅកូសូវ៉ូក្នុងឆ្នាំ១៩៩៩ ដោយមិនមានការយល់ព្រមពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ, អាមេរិកលើកទ័ពឈ្លានពានអីរ៉ាក់នៅ ឆ្នាំ២០០៣ ដោយកុហកថាសាដាំ ហូសេន លួចផលិតអាវុធនុយក្លេអ៊ែរ និងចុងក្រោយបំផុតការធ្វើអន្តរាគមន៍យោធានៅលីប៊ីកាលពីឆ្នាំ២០១១ ដែលបានដើរហួសលក្ខខណ្ឌ នៃដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខលេខ ១៩៧៣ រហូតដល់នាំឱ្យមានការផ្ដួលរលំរបបដឹកនាំលោក កាដាហ្វី និងបន្សល់ទុកភាពចលាចល អសន្តិសុខ រួមទាំងកើនឡើង សកម្មភាពភេរវកម្ម នៅទូទាំងតំបន់អាហ្វ្រិកខាងជើង។
គួរបញ្ជាក់ថា មិនមែនមានតែសហរដ្ឋអាមេរិក និងប្រទេសនៅអឺរ៉ុបទេ បណ្ដាប្រទេសភាគច្រើននៅជុំវិញពិភពលោក ក៏សុទ្ធតែមើលឃើញថាសង្រ្គាមរបស់លោក ពូទីន នៅអ៊ុយក្រែនជាទង្វើឈ្លានពានដែរ។ ប៉ុន្តែ ពួកគេយល់ថាការចង់ធ្វើឱ្យរុស្ស៉ីឯកោនឹងទទួលបរាជ័យ មិនមែនដោយសារតែពួកគេគាំទ្រការឈ្លានពានរបស់រុស្ស៉ី នោះទេ តែគឺ ដោយសារតែពួកគេចង់ការពារប្រយោជន៍ជាតិ និងយុទ្ធសាស្ត្ររបស់ពួកគេ ដែលអាចទាញចេញពីទំនាក់ទំនងជាមួយរុស្ស៉ី។ មិនតែប៉ុណ្ណោះ ពួកគេក៏ប្រហែលជាជឿដែរថា ការថ្កោលទោសរុស្ស៉ីជាសាធារណៈ មិនមែនជាមធ្យោបាយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនឡើយ៕
ប្រភព៖ Politico (ថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០២២)