(មូស្គូ)៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងមូស្គូ បាននិយាយថា រុស្ស៉ីមិនគួរបិទស្ថានទូតរបស់សហរដ្ឋអាមេរិកឡើយ នៅចំពោះមុខភាពតានតឹងពេលបច្ចុប្បន្ន ដែលកើតចេញពីវិបត្តិសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ដ្បិតប្រទេសទាំងពីរ ដែលសុទ្ធតែជាមហាអំណាចនុយក្លេអ៊ែរ ចាំបាច់ត្រូវបន្តការនិយាយជាមួយគ្នាដោយសន្តិវិធី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែមិថុនា ឆ្នាំ២០២២។
លោក ចន ស៊ូលីវ៉ាន់ (John Sullivan) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសរុស្ស៉ី បានថ្លែងប្រាប់សារព័ត៌មានរុស្ស៉ី TASS ថា ទីក្រុងវ៉ាស៉ីនតោននិងទីក្រុងមូស្គូ មិនគួរកាត់ផ្តាច់ទំនាក់ទំនងការទូតទាំងស្រុងតែម្តងនោះទេ។ នៅក្នុងបទសម្ភាសន៍ជាមួយ TASS លោក Sullivan បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «យើងចាំបាច់ត្រូវតែបន្តរក្សាមធ្យោបាយដើម្បីជជែកគ្នា»។
គួរបញ្ជាក់ថា ចាប់តាំងពីសហរដ្ឋអាមេរិក បានចាប់ផ្តើមឡើងវិញនូវទំនាក់ទំនងការទូត ជាមួយអតីតសហភាពសូវៀត កាលពីឆ្នាំ១៩៣៣ មក ទំនាក់ទំនងរវាងទីក្រុងវ៉ាស៉ីនតោននិងទីក្រុងមូស្គូ គឺមិនដែលត្រូវបានកាត់ផ្តាច់ឡើយ បើទោះបីជាបានឆ្លងកាត់វិបត្តិជាច្រើន ក៏ដូចជារឿងអាស្រូវចារកម្ម និងសង្រ្គាមត្រជាក់ក៏ដោយ។
ដោយឡែក សម្រាប់វិបត្តិបច្ចុប្បន្ន ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសចាត់ទុក ការឈ្លានពានលើអ៊ុយក្រែន គឺជាចំណុចប្រែប្រួលដ៏សំខាន់បំផុតមួយ ក្នុងប្រវត្តិសាស្រ្តរុស្ស៉ី គឺការធ្វើបដិវត្តន៍ប្រឆាំងនឹងអនុត្ដរភាពរបស់សហរដ្ឋអាមេរិក ដែលបើតាមវិមានក្រឹមឡាំង គឺជាប្រទេសដែលបានបំបាក់មុខរុស្ស៉ី ចាប់តាំងពីការដួលរលំនៃសហភាពសូវៀត កាលពីឆ្នាំ១៩៩១ រហូតមក៕