(ប៉េកាំង)៖ ក្រសួងការពារជាតិចិន បានឲ្យដឹងនៅថ្ងៃចន្ទនេះថា យន្តហោះយោធារបស់ប្រទេសកាណាដា បានបង្កើនសកម្មភាពឈ្លបយកការណ៍របស់ខ្លួន និងការបង្កហេតុផ្សេងៗប្រឆាំងប្រទេសចិន ដែលវាបង្កគ្រោះថ្នាក់ដល់ សន្តិសុខជាតិរបស់ចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែមិថុនា ឆ្នាំ២០២២។
ក្រសួងការពារជាតិចិន បានបន្តថា ខ្លួនប្រឆាំងនឹងសកម្មភាពបង្កហេតុទាំងឡាយ របស់កាណាដា។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិចិន លោក វូ ឈាន (Wu Qian) យោធាចិននឹងចាត់វិធានការសមស្រប ដើម្បីដោះស្រាយជាមួយសកម្មភាព របស់កាណាដា ហើយទីក្រុងប៉េកាំងក៏បានបង្ហាញគោលជំហររបស់ខ្លួន តាមច្រកការទូតផងដែរ។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន យោធាកាណាដា បានចោទប្រកាន់យន្តហោះចម្បាំងចិន ថាបានហោះមករំខាន យន្តហោះល្បាតរបស់ខ្លួន ខណៈដែលពួកគេកំពុងល្បាតត្រួតពិនិត្យ ការគេចវេះពីទណ្ឌកម្មរបស់កូរ៉េខាងជើង និងបានបង្ខំឲ្យក្រុមពីឡុតកាណាដា ត្រូវប្តូរគន្លងផ្លូវហោះហើរថែមទៀត៕