(បេរូត)៖ លីបង់កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានព្រមានអ៉ីស្រាអែលប្រឆាំងនឹង «សកម្មភាពគឃ្លើន» ណាមួយ នៅក្នុងដែនទឹកដែលមានជម្លោះ ជាទីដែលប្រទេសទាំងពីរសង្ឃឹមថា នឹងអភិវឌ្ឍថាមពលនៅឯនាយសមុទ្រ បន្ទាប់ពីនាវាផ្ទុក និងផលិតឧស្ម័នធម្មជាតិមួយគ្រឿង បានមកដល់តំបន់នោះ ដើម្បីត្រៀមផលិតឧស្ម័នសម្រាប់អ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែមិថុនា ឆ្នាំ២០២២។
ប្រធានាធិបតីលីបង់ លោក មីឃែល អូន (Michel Aoun) បាននិយាយថា សកម្មភាពណាមួយនៅក្នុងដែនទឹកដែលមានជម្លោះ គឺស្មើនឹងទង្វើនៃការឈ្លានពាន និងការបង្កហេតុ បន្ទាប់ពីការមកដល់នៃនាវាផ្ទុក និងផលិតឧស្ម័នធម្មជាតិខាងលើ ដែលធ្វើប្រតិបត្តិការដោយក្រុមហ៊ុន អេណឺជាន (Energean) ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ ប៉ុន្តែអ៉ីស្រាអែល បាននិយាយថា ទីនោះគឺស្ថិតក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន មិនមែននៅក្នុងដែនទឹក ដែលមានជម្លោះនោះទេ។
លោក Aoun បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា លោកបានពិភាក្សាជាមួយនាយករដ្ឋមន្រ្តីលីបង់ លោក ណាជីប មីកាទី (Najib Mikati) អំពីការទន្ទ្រានរបស់នាវានោះ ចូលទៅក្នុងតំបន់ដែនសមុទ្រដែលមានជម្លោះជាមួយអ៉ីស្រាអែល ហើយបានស្នើឱ្យទីបញ្ជាការកងទ័ព ផ្តល់ឱ្យលោកនូវទិន្នន័យផ្លូវការ និងត្រឹមត្រូវ ដើម្បីពិចារណាលើបញ្ហានេះ។
លោក Aoun បានបន្ថែមថា កិច្ចចរចាដើម្បីកំណត់ឱ្យបានច្បាស់ ព្រំដែនសមុទ្រភាគខាងត្បូង នៅតែបន្ត ខណៈ «សកម្មភាពណាមួយនៅក្នុងតំបន់ដែនសមុទ្រដែលមានជម្លោះ គឺមានន័យថាជាការបង្កហេតុ និងការឈ្លានពាន»។ ទោះជាយ៉ាងណា មិនទាន់មានការឆ្លើយតបភ្លាមៗ ពីរដ្ឋាភិបាលអ៉ីស្រាអែល ចំពោះការលើកឡើងរបស់លោក Aoun នោះទេ។
គួរបញ្ជាក់ថា បើតាមក្រុមហ៊ុន Energean នាវាផ្ទុក និងផលិតឧស្ម័នរបស់ខ្លួន បានមកដល់កាលពីថ្ងៃអាទិត្យកន្លងទៅនេះ នៅឯតំបន់ខារីស (Karish) ចម្ងាយប្រហែល ៨០គីឡូម៉ែត្រពីភាគខាងលិចទីក្រុង ហាអ៉ីហ្វា (Haifa) ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់អ៉ីស្រាអែល។ ក្រុមហ៊ុន Energean គ្រោងនឹងដំណើរការវា នៅកំលុងត្រីមាសទី៣ នៃឆ្នាំនេះ៕