(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) បានធ្វើដំណើរទៅជួបទាហានជួរមុខ នៅឯតំបន់ដុនបាស់ (Donbas) កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ខណៈការប្រយុទ្ធគ្នាកំពុងបន្តប្រព្រឹត្តទៅយ៉ាងខ្លាំងក្លា នៅតំបន់ឧស្សាហកម្មភាគខាងកើតអ៊ុយក្រែន និងជាទីដែលទីក្រុងមូស្គូកំពុងផ្តោតការវាយប្រហារ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានបារាំង ហ្វ្រង់២៤ (France24) នៅថ្ងៃចន្ទ ទី៦ ខែមិថុនា ឆ្នាំ២០២២។
ក្នុងដំណើរទស្សនកិច្ចនោះ លោក ហ្សេលេនស្គី បានទៅកាន់ប៉ុស្តិ៍បញ្ជាការ និងទីតាំងជួរមុខ ក្នុងទីក្រុងលីស៊ីឆាន់ (Lysychansk) ដែលស្ថិតនៅត្រើយម្ខាងទៀតនៃទន្លេ ស៉ីវីយេស្គី ដូណេត (Siverskyi Donets) ពីទីក្រុងស៊ីវីយឺរ៉ូដូណេត (Sievierodonetsk) ជាទីដែលកងទ័ពអ៊ុយក្រែន កំពុងព្យាយាមទប់ទល់នឹងកងកម្លាំងរុស្ស៉ី ពីការដណ្តើមយកទីក្រុងយុទ្ធសាស្រ្តមួយនេះ។ លោក ហ្សេលេនស្គី ក៏បានទៅកាន់ទីក្រុងបាមូដ (Bakhmut) ដែលស្ថិតនៅភាគនិរតីនៃតំបន់ដូណេត (Donetsk) និងបានសំណេះសំណាលជាមួយកងទ័ព នៅទីនោះផងដែរ។
ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនេះ លោក ហ្សេលេនស្គី បានថ្លែងតាមរយៈសារជាវីដេអូយ៉ាងដូច្នេះថា «ខ្ញុំមានមោទនភាពចំពោះអ្នកគ្រប់គ្នា ដែលខ្ញុំបានជួប, ខ្ញុំបានចាប់ដៃ, ខ្ញុំបាននិយាយជាមួយ និងខ្ញុំបានផ្តល់ការគាំទ្រ»។
ជាចុងក្រោយ លោកប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា លោកក៏បានធ្វើដំណើរទៅកាន់ទីក្រុងហ្សាប៉ូរិសហ្សៀ (Zaporizhzhia) នៅភាគអាគ្នេយ៍ ដើម្បីជួបជាមួយអ្នកស្រុកម៉ារីយ៉ូប៉ូល (Mariupol) ដែលបានភៀសខ្លួនចេញពីទីក្រុងកំពង់ផែមួយនោះ ក្រោយការទម្លាក់គ្រាប់បែក និងផ្លោងគ្រាប់អស់ជាច្រើនខែដោយរុស្ស៊ីផងដែរ៕