(ប៉េកាំង)៖ កាលពីថ្ងៃទី១ខែមិថុនា លោកស្រី Sarah Bianchi តំណាងរងពាណិជ្ជកម្មសហរដ្ឋអាមេរិក និងតំណាងតំបន់ចិនតៃវ៉ាន់ បានរៀបចំធ្វើកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូ ហើយបានប្រកាសថានឹងចាប់ដំណើរការអ្វីដែលហៅថា «គំនិតផ្តួចផ្តើមស្តីពីពាណិជ្ជកម្មសតវត្សរ៍ទី២១» រវាងសហរដ្ឋអាមេរិកនិងតំបន់តៃវ៉ាន់។
នេះគឺជារឿងកំប្លែងនយោបាយមួយទៀត ដែលសហរដ្ឋអាមេរិកនិងតំបន់តៃវ៉ាន់គប់គិតតគ្នា ដោយយកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាលេស ហើយក៏ជាកលល្បិចដែល «យកបញ្ហាតៃវ៉ាន់ទៅទប់ស្កាត់ប្រទេសចិន» និង «ពឹងផ្អែកសហរដ្ឋអាមេរិកដើម្បីស្វែងរកឯករាជ្យ» ដដែល។ ទង្វើរបស់ភាគីអាមេរិកបែបនេះ បានល្មើសនឹងពាក្យសន្យាដែលខ្លួនបានធ្វើក្នុង សេចក្តីប្រកាសរួមបីច្បាប់រវាងចិន និងសហរដ្ឋអាមេរិកដូច្នេះ ទង្វើនេះនឹងបណ្តាលឱ្យទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក ធ្លាក់ក្នុងភាពគ្រោះថ្នាក់។
អ្វីដែលគួរឱ្យយកចិត្តទុកដាក់គឺ នៅមួយសប្តាហ៍មុនពេលសហរដ្ឋអាមេរិកនិងតំបន់តៃវ៉ាន់ ប្រកាសចាប់ដំណើរការអ្វីដែលហៅថា «គំនិតផ្តួចផ្តើមស្តីពីពាណិជ្ជកម្មសតវត្សរ៍ទី២១» មេដឹកនាំសហរដ្ឋអាមេរិក បានប្រកាសចាប់ដំណើរការ អ្វីដែលហៅថា «ក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក» ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅជប៉ុន ហើយបានឃោសនាបំប៉ោងថានឹង «ផ្តាច់ទំនាក់ទំនង» ជាមួយប្រទេសចិនលើវិស័យខ្សែសង្វាក់ផ្គត់ផ្គង់ ព្រមទាំងបានបង្ករឿងហេតុលើ៤វិស័យ គឺវិស័យសេដ្ឋកិច្ចឌីជីថល ស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ ហេដ្ឋារចនាសម្ព័ន្ធថាមពលស្អាតនិងការប្រឆាំងអំពើពុករលួយ។ រីឯតាមការផ្សាយដំណឹងពាក់ព័ន្ធឱ្យដឹងថា អ្វីដែលហៅថា «គំនិតផ្តួចផ្តើមស្តីពីពាណិជ្ជកម្មសតវត្សរ៍ទី២១» រវាងសហរដ្ឋអាមេរិកនិងតំបន់តៃវ៉ាន់ គឺមានផែនការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យ ដូចជាពាណិជ្ជកម្មឌីជីថល ភាពងាយស្រួលខាងគយនិងបង្ក្រាបអំពើពុករលួយជាដើម។
វាអាចឃើញថា រឿងទាំងពីរនេះមានភាពស្រដៀងគ្នាជាច្រើន។ បើនិយាយចំពោះអាជ្ញាធរគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ តាមពិតទៅ គំនិតផ្តួចផ្តើមនេះ គឺជា«រង្វាន់លួងចិត្ត» មួយ ដែលផ្តល់ជូនតំបន់តៃវ៉ាន់ បន្ទាប់ពីតៃវ៉ាន់ត្រូវច្រានចោលពី «ក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក»។ រីឯសហរដ្ឋអាមេរិកគឺប៉ុនប៉ងរៀបចំ «ក្រុមសេដ្ឋកិច្ចតូច» នៅអាស៊ី ព្រមពេលជាមួយគ្នា នឹងប្រើប្រាស់តំបន់តៃវ៉ាន់ដែលដូចជាអុកឱ្យបានពេញដៃ។ នៅទីបំផុត អ្វីដែលហៅថា «គំនិតផ្តួចផ្តើម» គ្រាន់តែជាទង្វើដែលចាត់ទុក កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មធ្វើជាលេស គោលបំណងពិតគឺចង់ទប់ស្កាត់ប្រទេសចិន។
ទង្វើខុសឆ្គងរបស់អាមេរិក ធ្វើឱ្យអាជ្ញាធរគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យយល់ឃើញថា បានបន្ថែមឈីបមួយទៀត ក្នុងឧបាយកល «ពឹងផ្អែកសហរដ្ឋអាមេរិកដើម្បីស្វែងរកឯករាជ្យ»។ ពួកគេសឹងតែឃោសនាបំប៉ោងថា សារសំខាន់នៃគំនិតផ្តួចផ្តើមនេះ គឺច្រើនជាងការដែលសហរដ្ឋអាមេរិកជួយតំបន់តៃវ៉ាន់ចូល ក្នុងអ្វីដែលហៅថា «ក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក» ទៅទៀត។ ប៉ុន្តែរឿងទាំងនេះសុទ្ធតែជាទង្វើបញ្ឆោតខ្លួនឯងតែប៉ុណ្ណោះ។ អ្នកវិភាគបានថ្លែងថា សហរដ្ឋអាមេរិកប៉ុនប៉ងប្រើប្រាស់អ្វីដែលហៅថា «គំនិតផ្តួចផ្តើម» ប្រហោងចេញធនធានមនុស្ស បច្ចេកទេស និងប្រាក់ទុនជាដើមក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខ្ពស់របស់តំបន់តៃវ៉ាន់ ថែមមួយកម្រិតទៀត ដូច្នេះទំនាក់ទំនងសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិកនិងតំបន់តៃវ៉ាន់ ពិតជាគ្មានស្មើភាពនោះឡើយ។
តាមពិតទៅ សហរដ្ឋអាមេរិកប្រើ «សន្លឹកបៀរតំបន់តៃវ៉ាន់» ច្រើនបែបយ៉ាង ប្រការនេះកាន់តែបញ្ជាក់ថា មធ្យោបាយរបស់អាមេរិក ដើម្បីទប់ស្កាត់ប្រទេសចិនជិតអស់ហើយ។ ប្រទេសចិនចាំបាច់នឹងបង្រួបបង្រួមគ្នា ហើយក៏មុខជានឹងបង្រួបបង្រួមជាមិនខាន នេះជានិន្នាការអភិវឌ្ឍន៍ប្រវត្តិសាស្ត្រ មិនថាបុគ្គលណាឬកម្លាំងណាសុទ្ធតែមិនអាចរារាំងបានឡើយ។ ការបង្ករឿងហេតុដ៏ប្រថុយប្រថានរបស់ភាគីអាមេរិក គ្រាន់តែនឹងនាំឱ្យអាជ្ញាធរគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យតំបន់តៃវ៉ាន់ «លោតកាន់តែខ្ពស់ ធ្លាក់កាន់តែធ្ងន់»ហើយនឹងធ្វើឱ្យខ្លួនបិទស្លាកសញ្ញា «ក្បត់សីលធម៌» កាន់តែស្អិតជាប់ផងដែរ៕
ដោយ៖ វិទ្យុមិត្តភាពកម្ពុជាចិន