(កង់បេរ៉ា)៖ អូស្រ្តាលី បានចោទប្រកាន់ពីឡុតបើកយន្តហោះចម្បាំងចិនមួយគ្រឿង ថាបានបង្កគ្រោះថ្នាក់ ដោយហោះកាត់ពីមុខយន្តហោះស៉ើបការណ៍ របស់ខ្លួន នៅពីលើដែនអាកាសនៃសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២២។
នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់តូនី អាល់បានីស (Anthony Albanese) បាននិយាយថាយន្តហោះឈ្លបយកការណ៍ដែនសមុទ្ររបស់កងទ័ពអាកាស អូស្រ្តាលី P-8 ត្រូវបានស្ទាក់ចាប់ ដោយយន្តហោះចម្បាំងចិន J-16 កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ កំលុងពេលធ្វើប្រតិបត្តិការឃ្លាំមើលដែនសមុទ្រ ជាប្រចាំ។ លោកបន្ថែមថា «ការស្ទាក់ចាប់នេះបានបណ្តាលឲ្យមានការប្រឈមមុខដាក់គ្នាយ៉ាងគ្រោះថ្នាក់ និងបង្កការគំរាមកំហែងដល់ក្រុមអកាសយានិក នៃយន្ដហោះ P-8»។
បន្ថែមពីលើនេះ ក្រសួងការពារជាតិអូស្ត្រាលី ក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែរថា «ខ្លួនបានអនុវត្តសកម្មភាពឃ្លាំមើលដែនសមុទ្រជាច្រើន ទស្សវត្សរ៍នៅក្នុងតំបន់នេះ ហើយធ្វើឡើងស្របតាមច្បាប់អន្តរជាតិ និងអនុវត្តសិទ្ធិសេរីភាពក្នុងការធ្វើនាវាចរណ៍ និងការហោះហើរលើដែនទឹកអន្តរជាតិ និងដែនអាកាស»។ ជុំវិញការចោទប្រកាន់នេះ ទីក្រុងប៉េកាំង មិនទាន់មានការឆ្លើយតបនៅឡើយទេ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងប្រទេសជិតខាងដទៃទៀត រួមទាំងអូស្រ្តាលីផងនោះ បានជំទាស់នឹងការទាមទាររបស់ចិន នូវទឹកដីភាគច្រើន នៅឯសមុទ្រចិនខាងត្បូង ហើយវាក៏ជាផ្នែកមួយដែលនាំឲ្យទំនាក់ទំនងអូស្រ្តាលី-ចិន កាន់តែធ្លាក់ចុះផងដែរ៕