(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol ) បាននិយាយនៅថ្ងៃចន្ទនេះថា កម្មវិធីមីស៉ីល និងអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង បានឈានដល់កម្រិតមួយបង្កការគំរាមកំហែងដល់សន្តិភាពក្នុងតំបន់ និងពិភពលោកទាំងមូល។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែមិថុនា ឆ្នាំ២០២២។
ការអត្ថាធិប្បាយខាងលើរបស់ លោក យូន បានធ្វើឡើងក្នុងការប្រារព្ធទិវាចងចាំ Memorial Day គឺមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងធ្វើតេស្តមីស៊ីលផ្លោង រយៈចម្ងាយខ្លីចំនួន ៨គ្រាប់ ដែលជាការសាកល្បងដ៏ធំបំផុតរបស់ខ្លួន ខណៈមន្ត្រីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល នាពេលថ្មីៗនេះ ក៏បានព្រមានផងដែរថា កូរ៉េខាងជើង ហាក់បីដូចជាត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៧មក។
គួរបញ្ជាក់ថា កូរ៉េខាងជើង បានបាញ់មីស៉ីលផ្លោងរយៈចម្ងាយខ្លី ឆ្ពោះទៅកាន់តំបន់ឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍ កន្លងទៅនេះ មួយថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បិទបញ្ចប់ការធ្វើសមយុទ្ធយោធារួមគ្នាជាលើកដំបូងរបស់ពួកគេ ដែលមានការចូលរួមពី នាវាផ្ទុកយន្តហោះចម្បាំងអាមេរិកមួយគ្រឿង ក្នុងរយៈពេលជាង ៤ឆ្នាំមកនេះ។ ដោយឡែក នៅថ្ងៃចន្ទនេះដែរ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើតេស្ដបាញ់មីស៊ីល ៨គ្រាប់ដូចគ្នា ជាការឆ្លើយតបទៅនឹងការធ្វើតេស្ដមីស៊ីល ៨គ្រាប់របស់កូរ៉េខាងជើង៕