(បង់ក្លាដែស)៖ អាជ្ញាធរនៅក្នុងប្រទេសបង់ក្លាដែស នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថាមនុស្សយ៉ាងហោច ៤៣នាក់បានស្លាប់ និងច្រើនជាង ៣០០នាក់ រងរបួស នៅក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះឃ្លាំងស្ដុកទូកុងតឺន័រមួយកន្លែង ដោយបង្កឱ្យមានការផ្ទុះជាច្រើន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Al Jazeera នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២។
ហេតុការណ៍អគ្គិភ័យដ៏រន្ធត់ខាងលើ បានកើតឡើងកាលពីយប់ថ្ងៃសៅរ៍ ទី៤ ខែមិថុនានេះ នៅឯឃ្លាំងស្ដុកទូកុងតឺន័រមួយកន្លែង ក្នុងទីក្រុង ស៊ីតាគុនដា (Sitakunda) ដែលស្ថិតនៅចម្ងាយ ៤០គីឡូម៉ែត្រពីទីក្រុងកំពង់ផែ ឈីតតាហ្គង (Chittagong)។ អាជ្ញាធរបង់ក្លាដែស បានបង្ហាញក្ដីបារម្ភថាចំនួនអ្នកស្លាប់ អាចនឹងកើនឡើង ពីព្រោះថាក្នុងចំណោមអ្នករងរបួស មានមនុស្សជាច្រើននាក់បានរងរបួសធ្ងន់ធ្ងរ ខណៈអ្នកពន្លត់អគ្គិភ័យ ៦នាក់ក៏ស្ថិតនៅក្នុងចំណោម អ្នកបាត់បង់ជីវិតផងដែរ និង២១នាក់ទៀត រងរបួស។
គួរបញ្ជាក់ថា អាជ្ញាធរបង់ក្លាដែស មិនទាន់អាចកំណត់ពីមូលហេតុនាំឱ្យមានអគិ្គភ័យនៅឡើយទេ ហើយមកទល់នឹងថ្ងៃអាទិត្យនេះ ក្រុមអ្នកពន្លត់អគ្គិភ័យ នៅតែបន្តប្រតិបត្តិការរបស់ពួកគេនៅឡើយ ជាពិសេសគឺរារាំង និងពន្លត់ភ្លើងដើម្បីបញ្ចៀសការផ្ទុះទូកុងតឺន័រមួយចំនួន ដែលស្ដុកសារធាតុគីមី៕