(កៀវ)៖ អាជ្ញាធរអ៊ុយក្រែន នៅថ្ងៃអាទិត្យនេះបានរាយការណ៍ពីសំឡេងផ្ទុះយ៉ាងកក្រីកជាច្រើន នៅក្នុងទីក្រុងកៀវ តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីក្រុមមន្ត្រី អ៊ុយក្រែនអះអាងថាទាហានរបស់ខ្លួនដណ្ដើមបានទឹកដីមួយចំនួន ក្នុងសមរភូមិទីក្រុង ស៊ីវីយ៉េរ៉ូដូណេត (Sievierodonetsk) ពីរុស្ស៉ីមកវិញ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២។
នៅក្នុងសារមួយបង្ហោះលើ Twitter ចៅហ្វាយក្រុងកៀវ លោក វីតាលី ខ្លីតស្កូ (Vitali Klitschko) បានឱ្យដឹងថាសូរសំឡេងផ្ទុះជាច្រើនត្រូវបានគេរាយការណ៍ នៅក្នុងតំបន់ ដានីសស្គី (Darnytskyi) និងឌីនីប្រូវស្គី (Dniprovskyi) នៃទីក្រុងកៀវ រីឯអាជ្ញាធរបានទៅដល់ទីតាំងកើតហេតុហើយ។
គួរបញ្ជាក់ថា បើតាមលោក Vitali Klitschko មនុស្សម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ តែភ្លាមៗមិនទាន់មានការបញ្ជាក់ពីអ្នកស្លាប់ទេ ខណៈក្រុមមន្ត្រី អ៊ុយក្រែនខ្លះអះអាងថាការវាយប្រហារដោយផ្លោងគ្រាប់របស់រុស្ស៉ី មានគោលដៅលើបណ្ដាញប្រព័ន្ធផ្លូវដែក៕