(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយថាវាគឺជារឿងសំខាន់ ដែលគេមិនគួរធ្វើឱ្យរុស្ស៉ីអាម៉ាស់មុខនោះទេ ទោះជា លោក ពូទីន បង្កកំហុសធ្ងន់ជាប្រវត្តិសាស្រ្តក៏ដោយ ដើម្បីសម្រួលដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយការទូត នៅពេលការវាយប្រយុទ្ធគ្នា នៅអ៊ុយក្រែនបិទបញ្ចប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២។
លោក ម៉ាក្រុង ធ្វើការកត់សម្គាល់ខាងលើនៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ក្នុងតំបន់ចេញផ្សាយនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ជាមួយការសង្កត់ ធ្ងន់ថាទីក្រុងប៉ារីស អាចនឹងដើរតួនាទីជាអ្នកសម្របសម្រួលស្វែងរកសន្តិភាពបញ្ចប់សង្រ្គាមសព្វថ្ងៃ។ លោក ម៉ាក្រុង បានបញ្ជាក់ដូច្នេះថា «យើងមិនគួរ ធ្វើឱ្យរុស្ស៉ីអាម៉ាស់មុខទេ ព្រោះថាធ្វើដូច្នេះ នៅពេលដែលការវាយប្រយុទ្ធគ្នាបិទបញ្ចប់ នោះយើងអាចស្វែងរកច្រកចេញតាមរយៈមធ្យោបាយ ការទូត»។
គួរបញ្ជាក់ថា បារាំង បានផ្ដល់ការគាំទ្រទាំងតាមជំនួយយោធា និងហិរញ្ញវត្ថុដល់អ៊ុយក្រែន ក៏ប៉ុន្តែរហូតមកទល់នឹងពេលនេះ លោក ម៉ាក្រុងមិនបានផ្ដល់ ការគាំទ្រជានិមិត្តរូបចំពោះទីក្រុងកៀវ ដូចបណ្ដាមេដឹកនាំអឺរ៉ុបដទៃមួយចំនួនទេ៕