(ឡុងដ៍)៖ កាលពីជាង១០០ថ្ងៃមុន ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីនបានបញ្ជាឱ្យកងទ័ពរបស់លោកវាយសម្រុកចូលអ៊ុយក្រែន អមជាមួយការគំរាមពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ តាមរយៈការអួតពីឃ្លាំងអាវុធនុយក្លេអ៊ែរ និងសន្យាថានឹងយកជ័យជម្នះនៅអ៊ុយក្រែន បុរសខ្លាំងរូបនេះបានគំរាមត្រង់ៗថាប្រទេសណាក៏ដោយឱ្យតែ ហ៊ានលូកដៃជួយអ៊ុយក្រែន នោះពួកគេនឹងបានភ្លក្សផលវិបាកដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។
ទោះបីជាមកទល់នឹងពេលនេះ លោក ពូទីន មិនបានប្រើអាវុធនុយក្លេអ៊ែរក៏ពិតមែន។ ក៏ប៉ុន្តែសម្ដីគំរាមមួយនេះបានកែប្រែសណ្ដាប់ធ្នាប់នុយក្លេអ៊ែរពិភពលោក រួចបាត់ ទៅហើយ។ ម្យ៉ាងបណ្ដាប្រទេសមួយចំនួនដែលកំពុងតាមដានស្ថានការណ៍នៅអ៊ុយក្រែន អាចនឹងទាញសម្មតិកម្មថា «មធ្យោបាយការពារខ្លួនដ៏មានប្រសិទ្ធភាព» ពីការឈ្លានពានពីសំណាក់ប្រទេសមានអាវុធនុយក្លេអ៊ែរ នោះគឺពួកគេក៏ត្រូវមានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនដែរ។ រីឯម្យ៉ាងទៀត ប្រទេសដែលមានអាវុធនុយក្លេអ៊ែរ នៅក្នុងដៃស្រាប់ អាចនឹងជឿជាក់ថាពួកគេអាចនឹងទទួលបានជ័យជម្នះ ដោយយកគំរូតាម «តាក់ទិក» របស់លោក ពូទីន។ បើដូច្នេះមែន មិនយូរមិនឆាប់ វាចៀសមិនរួចឡើយ នឹងធ្វើឱ្យការគំរាមប្រើអាវុធនុយក្លេអ៊ែរ ក្លាយជាការពិត។
ពិតមែនទៅ គ្រោះថ្នាក់នុយក្លេអ៊ែរ បានកើនឡើងនៅមុនសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងមកម្ល៉េះ។ កូរ៉េខាងជើង មានក្បាលគ្រាប់នុយក្លេអ៊ែររាប់សិបគ្រាប់ ហើយ នៅក្នុងសប្ដាហ៍នេះ អង្គការសហប្រជាជាតិ បាននិយាយថាអ៉ីរ៉ង់មានសមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដើម្បីផលិតគ្រាប់បែកនុយក្លេអ៊ែរ។ ម្យ៉ាងវិញទៀត ទោះជា សន្ធិសញ្ញានុយក្លេអ៊ែរ New start នឹងដាក់កំហិតលើការអភិវឌ្ឍ, ការដាក់ពង្រាយមីស៊ីលផ្លោងអន្តរទ្វីបរវាងសហរដ្ឋអាមេរិក និងរុស្ស៉ី រហូតដល់ឆ្នាំ២០២៦ក៏ពិតមែន តែសន្ធិសញ្ញានេះមិនបានគ្របដណ្ដប់លើអាវុធ ដូចជាមីស៊ីលទ័រប៉េដូ (torpedoes) បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរនោះទេ។ មិនតែប៉ុណ្ណោះ សូម្បីតែប៉ាគីស្ថាន ឥណ្ឌា និងចិន រួមទាំងសហរដ្ឋអាមេរិក ក៏កំពុងធ្វើទំនើបកម្ម និងបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែររបស់ពួកគេរៀងៗខ្លួនផងដែរ ហើយនេះបានឆ្លុះបញ្ចំងពីការធ្លាក់ចុះសីលធម៌នៃ ការអត់ធ្មត់ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរបន្តិចម្ដងៗ។
បើត្រឡប់ទៅកាន់សម័យសង្រ្គាមត្រជាក់ តួយ៉ាងដូចជាអំឡុងវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២ សហរដ្ឋអាមេរិក និងអតីតសហភាពសូវៀតបានប្រឈមមុខដាក់គ្នា ជាមួយ ការគំរាមប្រើនុយក្លេអ៊ែរដាក់គ្នាទៅវិញទៅមក តែនៅចុងបញ្ចប់ភាគីទាំង២ អាចបញ្ចៀសសង្រ្គាមដោយការធានាសន្តិសុខឱ្យគ្នាទៅវិញទៅមក។ នៅត្រង់នេះ ប្រវត្តិសាស្ត្របានប្រាប់ថា «ពាក្យសន្យាដែលត្រូវបានគោរព និងអនុវត្តតាម គឺជាពាក្យសន្យារវាងអ្នកខ្លាំង និងអ្នកខ្លាំងតែប៉ុណ្ណោះ»។ ជាឧទាហរណ៍ នៅឆ្នាំ១៩៩៤ អ៊ុយក្រែន បានសម្រេចចិត្តប្រគល់អាវុធនុយក្លេអ៊ែររាប់ពាន់គ្រាប់ សល់ពីអតីតសហភាពសូវៀត ទៅឱ្យរុស្ស៉ីវិញ ជាថ្នូរនឹងពាក្យសន្យាមិនឈ្លានពីទីក្រុងមូស្គូ និងការធានាសន្តិសុខពីសហរដ្ឋអាមេរិក និងអង់គ្លេស។
ក៏ប៉ុន្តែ តាមរយៈការក្រសោបយកតំបន់គ្រីមៀពីអ៊ុយក្រែន ការគាំទ្រក្រុមឧទ្ទាមផ្ដាច់ទឹកដីក្នុងតំបន់ដុនបាស់ កាលពីឆ្នាំ២០១៤ និងសង្រ្គាមសព្វថ្ងៃ វាបានបញ្ជាក់យ៉ាង ច្បាស់ថារុស្ស៉ី «បានក្បត់សន្យា» រីឯសហរដ្ឋអាមេរិក និងអង់គ្លេសក៏មិនបានធ្វើតាមការសន្យារបស់ខ្លួននោះដែរ។ មេរៀនមួយនេះអាចនឹងផ្ដល់ហេតុផលមួយបន្ថែម ដល់ប្រទេសមួយចំនួនដូចជា អ៉ីរ៉ង់នឹងស្វះស្វែងផលិតអាវុធនុយក្លេអ៊ែរ ដើម្បីការពារអាយុជីវិតរបបដឹកនាំរបស់ពួកគេ។ ដូច្នេះបើអ៉ីរ៉ង់ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ នៅថ្ងៃណាមួយ សួរថាតើអារ៉ាប៊ីសាអូឌីត និងតួកគីអាចនឹងឆ្លើយតបបែបណា? ខណៈជប៉ុន និងកូរ៉េខាងត្បូង អាចនឹងបាត់បង់ជំនឿចិត្តលើឆ័ត្រនុយក្លេអ៊ែររបស់អាមេរិក និងការប្ដេជ្ញាចិត្តរបស់លោកខាងលិចក្នុងការការពារពួកគេ នៅក្នុងពិភពលោកដ៏គ្រោះថ្នាក់មួយនេះ។
លោក ពូទីន ប្រើយុទ្ធសាស្ត្រគំរាមប្រើនុយក្លេអ៊ែរ គឺដើម្បីជួយពីក្រោយឱ្យកងទ័ពរុស្ស៉ីទទួលបានជ័យជម្នះក្នុងសង្រ្គាមធម្មតាមួយ ហើយយុទ្ធសាស្ត្របែបនេះពិតជាដំណើរការមែន។ ពីព្រោះការគាំទ្ររបស់អាមេរិក និង NATO ចំពោះអ៊ុយក្រែនមានទំហំធំធេងមិនធ្លាប់មានក៏ពិតមែន តែពួកគេនៅតែស្ទាក់ស្ទើរក្នុងការបញ្ជូនអាវុធ ប្រយុទ្ធ ដូចជាយន្ដហោះចម្បាំងឱ្យទីក្រុងកៀវ ហើយការប្រើអាវុធទាំងនោះទៀតសោតសុទ្ធតែមានភ្ជាប់ជាមួយលក្ខខណ្ឌ គឺហាមបាញ់បាញ់ចូលដីរុស្ស៊ី។ លោក ចូ បៃដិនខ្លួនឯង ទោះជាព្រមផ្ដល់មីស៊ីលចម្ងាយឆ្ងាយឱ្យអ៊ុយក្រែន តែបានដាក់លក្ខខណ្ឌ ឱ្យប្រើប្រាស់តែនៅក្នុងទឹកដីអ៊ុយក្រែនប៉ុណ្ណោះ ដោយហាមវាយប្រហារលើគោលដៅក្នុងទឹកដីរុស្ស៉ីជាដាច់ខាត រហូតដល់ថ្នាក់សូម្បីតែប្រទេសជាសមាជិក NATO ខ្លះ ថែមទាំងយល់ថាអ៊ុយក្រែនគួរតែផ្សះផ្សាជាមួយរុស្ស៉ី ពីព្រោះពួកគេបារម្ភខ្លាចថាធ្វើឱ្យលោក ពូទីនខឹង គឺជារឿងគ្រោះថ្នាក់បំផុត។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ ការគំរាមប្រើនុយក្លេអ៊ែរបស់លោក ពូទីន បានកែប្រែសណ្ដាប់ធ្នាប់នុយក្លេអ៊ែរពិភពលោក ដល់ចំណុចមួយពិបាកក្នុងការជួសជុល ឡើងវិញ។ សន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ ដែលបានចូលជាធរមានកាលពីឆ្នាំ២០២១ និងមានប្រទេសចំនួន៨៦ប្រទេសគាំទ្របានឱ្យអំពាវនាវឱ្យពួកគេ ទប់ស្កាត់ការរីកសាយ និងរំសាយអាវុធនុយក្លេអ៊ែរ។ តែយ៉ាងណាក៏ដោយ បណ្ដាប្រទេសដែលមាននុយក្លេអ៊ែរនៅក្នុងដៃរួចហើយ ដូចជាកូរ៉េខាងជើង ជាពិសេសគឺចិន បើតាមក្រុមអ្នកជំនាញ មិនត្រឹមតែមិនរំសាយនោះទេ ផ្ទុយទៅវិញទីក្រុងប៉េកាំងមានតែបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ដើម្បីទុកកំញើញអាមេរិក និងសម្ព័ន្ធមិត្តកុំឱ្យ លូកដៃនៅក្នុងករណីចិនប្រើកម្លាំងយោធាលើតៃវ៉ាន់។ ក្នុងន័យនេះមេរៀនមួយដែលចិនប្រហែលជាបានរៀន នោះគឺអាវុធនុយក្លេអ៊ែររបស់រុស្ស៉ីបានបំភ័យអាមេរិក និង NATO កុំឱ្យចូលជួយអ៊ុយក្រែន៕
ប្រភព៖ Economist (ថ្ងៃសុក្រ ទី៤ ខែមិថុនា ឆ្នាំ២០២២)