(វ៉ាស៉ីនតោន)៖ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺសហរដ្ឋអាមេរិក CDC បានឲ្យដឹងនៅថ្ងៃសុក្រសប្តាហ៍នេះថា ករណីឆ្លងជំងឺអុតស្វា (monkeypox) នៅទូទាំងពិភពលោកមានជាង ៧០០ករណីហើយ ខណៈដែលសហរដ្ឋអាមេរិក បានរកឃើញជំងឺនេះ ចំនួន២១ករណី ហើយបើតាមការស៉ើបអង្កេតបង្ហាញថា មេរោគនេះកំពុងរាលដាលក្នុងប្រទេសផងដែរ។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៤ ខែមិថុនា ឆ្នាំ២០២២។
អនុប្រធានផ្នែកជំងឺ និងរោគវិទ្យា របស់ CDC លោកស្រី ជេននីហ្វឺ ម៉េកខ្វីសស្តុន (Jennifer McQuiston) បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា «ករណីមួយចំនួនដែលកើតឡើងក្នុងសហរដ្ឋអាមេរិក គឺជាការឆ្លងរាលដាលពីករណីមុនៗ ប៉ុន្តែមានមួយករណីគឺអ្នកឆ្លងមិនមានប្រវត្តិទៅកាន់តំបន់មានជំងឺ ឬ មិនដឹងពីរបៀបដែលពួកគេឆ្លងមេរោគ»។
គួរបញ្ជាក់ថា ករណីឆ្លងជំងឺអុតស្វា នៅសហរដ្ឋអាមេរិកភាគច្រើន គឺជាមនុស្សដែលមានទំនាក់ទំនងជាមួយអ្នកជំងឺមាននេះ ហើយរហូតមកដល់ពេលនេះមិនមានអ្នកស្លាប់ត្រូវបានរាយការណ៍នោះទេ។ អង្គការសុខភាពពិលោកក៏កំពុងយកចិត្តទុកដាក់ទៅលើប្រភពនៃការចម្លង ខណៈដែលមាននូវការរកឃើញជំងឺអុតស្វា ក្នុងតំបន់ដែលមិនធ្លាប់មានការរាលដាលពីមុនមក៕